យោងតាមសេចក្ដីប្រកាស របស់សភានីតិបញ្ញត្តិបានឲ្យដឹងថា អនុប្រធានាធិបតីវៀតណាម លោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានរដ្ឋស្ដីទីវៀតណាមកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បន្ទាប់ពីអតីតប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានលាលែងពីតំណែងជាប្រធានាធិបតី និង លាលែងពីតំណែងនយោបាយកាលពីថ្ងៃ អង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tuoitrenews នាថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មករា ឆ្នាំ ២០២៣។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយថា លោកបានចុះហត្ថលេខាក្នុងនាមគណៈកម្មធិការអចិន្រ្តៃយ៍រដ្ឋសភាពកាលពីថ្ងៃ ពុធ ថា លោកស្រី Xuan នឹងនៅតែជាប្រធានរដ្ឋស្ដីទីរហូតដល់រដ្ឋសភាជ្រើសរើសប្រមុខរដ្ឋថ្មី។

លោកស្រី Xuan កើតនៅឆ្នាំ ១៩៧០ សព្វថ្ងៃមានអាយុ ៥៣ឆ្នាំ មកពីខេត្ត An Giang ភាគខាងត្បូង បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ហើយលោកស្រីធ្លាប់ធ្វើការជាគ្រូបង្រៀននៅវិទ្យាល័យមួយកន្លែង បន្ទាប់មកជាអ្នកឯកទេសស្រាវជ្រាវនៃការិយាល័យបក្សខេត្ត An Giang។

លោកស្រី ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី១២ និង ទី១៣ ចាប់តាំងពីខែ កុម្ភៈ ឆ្នាំ២០១៣ មក លោកស្រីគឺជា អនុប្រធានខេត្ត An Giang និង បន្ទាប់មកជាអនុលេខាបក្ស។ ក្រោយមកលោកស្រីបានក្លាយជាលេខាបក្សខេត្ត An Giang ចាប់តាំងពីខែ តុលា ឆ្នាំ២០១៥ ហើយត្រូវបានបោះឆ្នោតតែងតាំងជាអនុប្រធានាធិបតីវៀតណាមនៅខែ មេសា ឆ្នាំ ២០២១។

ការចាត់តាំងស្រដៀងគ្នានេះ កើតឡើងនៅពេលដែលប្រធានរដ្ឋ លោក Tran Dai Quang ទទួលមរណភាពដោយជំងឺក្នុងខែ កញ្ញា ឆ្នាំ២០១៨ ហើយបន្ទាប់មកអនុប្រធានរដ្ឋ លោក Dang Thi Ngoc Thinh បានឡើងមកកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន។

សូមជម្រាបថា លោក Nguyen Xuan Phuc អតីតប្រធានាធិបតីវៀតណាមបានលាលែងពីតំណែង និង ស្នើសុំចូលនិវត្តន៍ពីនយោបាយ ក្រោយពេលដែលបណ្ដោយឲ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន រួមមានទាំងឧបនាយករដ្ឋមន្រ្តី ២រូប និង រដ្ឋមន្រ្តី ៣រូប បានប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗ ពាក់ព័ន្ធនឹងវិធានការកូវីដ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់មនុស្សជាតិទាំងមូល៕

ប្រភព៖ Touitrenews

Share.