គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់៤ចំណុច ប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍គណបក្សភ្លើងទៀន​ រួមទាំងបង្ហាញជំហររបស់ខ្លួនក្នុងនាមគណបក្សឈ្នះឆ្នោត។ សេចក្ដីថ្លែងការណ៍បក្សកាន់អំណាចធ្វើឡើងបន្ទាប់ពីនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗទៅនឹងសេចក្ដីថ្លែងការណ៍គណបក្សភ្លើងទៀន។ សម្ដេចចាត់ទុកថាគណបក្សនេះបានចោទប្រកាន់មិនត្រឹមត្រូវមកលើគណបក្សកាន់អំណាចចំពោះករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងចេញសែកស្អុយ។

សូមបញ្ជាក់ថាបន្ទា​ប់ពីលោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងសំណុំរឿងផ្ទាល់ខ្លួននោះ គណបក្សភ្លើងទៀនស្រាប់តែបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១៨ ខែមករា។ ទោះបីមិនបាននិយាយចំឈ្មោះដល់លោក ថាច់ សេដ្ឋា ប៉ុន្តែគណបក្សជំទាស់មួយនេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថាខ្លួនប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាច ក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិតេជោសែនសន្តិភាព បានមានប្រសាសន៍ថាគណបក្សប្រឆាំងមិនអាចចេញសេចក្ដីថ្លែងការណ៍បែបនេះឡើយ ដោយសម្ដេចអះអាងថាសំណុំរឿងលោក ថាច់ សេដ្ឋា ជារឿងបុគ្គលនិងជារឿងតុលាការ ពោលគឺមិនមែនជារឿងនយោបាយនោះទេ។ សម្ដេចក្រឡាហោម បានទាមទារឱ្យគណបក្សនេះសូមទោសចំពោះការចោទប្រកាន់ទាំងពួង បើមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់៕

Share.