ចៅ​ក្រម​ស៊ើបសួរ​សម្រេច​​ចេញ​ដី​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បី​ លោក​ យិត មាស​ឧស្សាហ៍​ ហៅ​ អេដវីន បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ទោះ​ជា​ភាគី​អ្នក​នាង​ សុទ្ធ​ បញ្ចកា ជា​ដៃគូ​ស្នេហ៍​ព្យាយាម​ដក​ពាក្យ​បណ្ដឹង​វិញ​ក្ដី​។​​

លោក អេដវីន ត្រូវ​បាន​​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ប្រឆាំង​ការជួយដូរ​មនុស្ស​ ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ បន្ទាប់​មក​លោក​​ ត្រូវ​បាន​តុលការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ​អនីតិសង្វាសជន​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២២២ នៃ​ក្រម​ព្រហ្មទណ្ឌ។ នៅ​ក្នុង​ថ្ងៃ​ទី​២០​ ​ខែ​មិថុនា ​ដដែល​​នោះ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ បាន​ប្ដូរ​ចិត្ត​ហើយ​សុំ​ដក​ពាក្យ​បណ្ដឹង​ ឈប់​ប្ដឹង​លោក​ អេដវីន និ​ង​មិនមាន​ទាមទារ​ជា​សំណង​អ្វី​ទាំង​អស់​។

ថ្វី​ត្បិត​តែ​​អ្នក​នាង​ សុទ្ធ បញ្ចកា បាន​ដក​ពាក្យ​បណ្ដឹង​ក៏​ពិត​មែន​ តែ​លោក​ អេដវីន​ នៅ​ជាបើ​បណ្ដឹង​របស់​ម្ដាយ​បង្កើត​អ្នក​នាង​ សុទ្ធ បញ្ចកា​ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ បណ្ដឹង​របស់​លោក​ ហ៊ាង​ រតនា​ ពី​បទ​បង្ករបួស​ស្នាម​​ ដូច្នេះ​ សមត្ថកិច្ចអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ ទៅ​កាន់​តុលការ​ដើម្បី​ផន្តាទោស​តាម​ច្បាប់​។

នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ​​ តុលាការ​បាន​​បើក​ការ​ស៊ើបសួរ​លោក​ អេដវីន ​ពី​បទ​ ហិង្សា​ដោយ​អនីតិសង្វាសជន និង​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា

គួរ​ដឹង​ដែរ​ថា​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ​បាន​ព្យាយាម​ស្នើ​សុំ​ដក​ពាក្យ​បណ្ដឹង​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តែ​លោក​ អេដវីន​ (យិត មាស​ឧស្សាហ៍) ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ដដែល​នេះ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ ពី​បទ​ អំពើ​ហិង្សា​ប្រពឹត្ត​ដោយ​សហព័ទ្ធ​ ឬ​អនិតិសង្វាសជន​ និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​តាម​ដី​កា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ដោយ​ចៅ​ក្រម​ ស៊ើប​សួរ​ សាន ប៊ុនធឿន៕

Telegram-Troryorng

Share.