កណ្តាល៖ ឃាត់ខ្លយនជនសង្ស័យ២នាក់ ក្នុងចំណោម៥នាក់ ដែរបានប្រើហិង្សាទៅលើបុរសម្នាក់ និងបានវាយកម្ទេចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២ និង១០នាទី នៅចំណុច ផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ សារ៉ូ គន់លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ទី២.ឈ្មោះ ចាន់ ប្រេស៊ីល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។ បន្ទាប់ពីឃាត់ខ្លួនអ្នកទាំងពី២ សមត្ថកិច្ចដកហូតបាន កាត់តាប៊ូម៉ូតូជាប់ជាមួយស្លាកលេខ កណ្ដាល 1AQ-3315 ជារបស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅ។



តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនងគ្រោះ និងមិត្តភ័ក្ត្រមានគ្នា ០៤នាក់ បានទៅអង្គុយលេងដីចំការដាំឈូក ស្ថិតក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់មកស្រាប់តែមានបក្ខពួកជនសង្ស័យមានគ្នា១០ទៅ១៥នាក់ ជិះម៉ូតូច្រើនគ្រឿង ទៅដល់ដីចំការដាំឈូកនោះដែរ ហើយបានស្រែកជេរ និងចង្អុលមុខទៅលើភាគីជនរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូចេញទៅវិញបាត់អស់ទៅ ហើយជនរងគ្រោះ និងមិត្តភ័ក្ត្របានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។

នៅពេលជនរងគ្រោះជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន០៥នាក់ បានជិះម៉ូតូទៅដល់ដែរ ហើយធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះ និងវាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យខូចខាត ក្រោយពីធ្វើសកម្មភាពរួចហើយ បក្ខពួកជនសង្ស័យបានយកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនអស់បាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន ភ្លាមៗ សមត្ថកិច្ចបានសហការណ៍ជាមួយផ្នែកជំនាញចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន។

This image has an empty alt attribute; its file name is image-5-1024x576.png


លុះដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ៉ូ គន់លាង និងឈ្មោះ ចាន់ ប្រេស៊ីល ហើយនាំទៅប៉ុស្ដិ៍នគរបាលបែកចាន ដើម្បីសួនាំបន្តតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានព្រួតគ្នាវាយទៅលើជនរងគ្រោះនិងម៉ូតូបណ្ដាលឲ្យខូចខាតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.