យ៉ាងហោចណាស់មានមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីផ្ទុះហិង្សានៅក្នុងរោងការកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទីនៅ ភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់នោះរួមមាន៖

១.ឈ្មោះ អូន សេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ភាគីខាងកូនក្រមុំនិងបានគេចខ្លួន ។

២.ឈ្មោះ មុត ស៊ីណេត ហៅ កេត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសក្បាលមួយកន្លែងដេរ ០៤ថ្នេរ ត្រចៀកមួយកន្លែងដេរ០២ថ្នេរនិងរបួសចង្កាមួយកន្លែងដេរចំនួន ០២ថ្នេរ) (ឃាត់ខ្លួន) ភាគីខាងកូនក្រមុំ។

៣.ឈ្មោះ យ៉េង វាសនា ហៅខ្លាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) (រងរបួសសៀតថ្កាខាងឆ្វេងមួយកន្លែងដេរចំនួន០៣ថ្នេរ នៅមណ្ឌលសុខភាព) ភាគីខាងកូនក្រមុំ ។

ចំណែកឯកជនរងគ្រោះរួមមាន៖១.ឈ្មោះ អោ សំអឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។២.ឈ្មោះ ភឹម សុវណ្ណ ភេទ្របុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។៣.ឈ្មោះ អោ សាម៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ។៤.ឈ្មោះ ពូន វ៉េវ  ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក។អ្នកទាំង ០៤ នាក់មានទីលំនៅភូមិចំបក់មាស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០និង១៥នាទី ជនសង្ស័យឈ្មោះ អូន សេន ភេទប្រុស (ពូកូនក្រមុំ) ដើរមកដល់តុ ឈ្មោះ អាន វណ្ណនុប ភេទប្រុស (កូនកំលោះ) រួចនិយាយប្រាប់ថា៖ ភ្ញៀវក្មួយឯងរាំឌឺដាក់ពូ លឺដូច្នេះ ឈ្មោះ អាន វណ្ណនុប ភេទប្រុស បានហៅមិត្តភក្តិរបស់ខ្លួនឲ្យឈប់រាំ និងឲ្យចូលអង្គុយតុវិញ ញុំាស្រាបៀរបន្ត។

លុះដល់ម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ អូន សេន ភេទប្រុស (ពូកូនក្រមុំ) បានដើរមកម្តងទៀតដោយកាន់កៅអីដែក អង្គុយញុំាការ មកវាយចំកណ្តាលតុរបស់ជនរងគ្រោះកំពុងហូបការ ដោយសារខឹងក្រុមមិត្តភក្តិរបស់ឈ្មោះ អាន វណ្ណនុប ភេទប្រុស (កូនកំលោះ) រាំហ៊ោរ ឌឺដងដាក់។ ពេលនោះឈ្មោះ អាន វណ្ណនុប (កូនកំលោះ) ភេទប្រុស បានចាប់ទាញឈ្មោះ អូន សេន ភេទប្រុស ចេញ យកមកក្រោមផ្ទះដើម្បីសម្រួលគ្នាកុំឲ្យឈ្លោះប្រកែកគ្នា ភ្លាមនោះស្រាប់ឈ្មោះ មុត ស៊ីណេត ហៅ កេត (ភ្ញៀវខាងកូនក្រមុំ) ភេទប្រុស បានដើរទៅរករឿង ក្រុមជនរងគ្រោះ ស្របពេលនោះឈ្មោះ ហុង អុីហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរសិស្ស មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ភ្ញៀវខាងកូនកំលោះ) បានងើបក្រោកឈរទះតុ ០១ដៃ លាន់សូរផាំងដោយសារខឹងឈ្មោះ អូន សេន ភេទប្រុស (ពូកូនក្រមុំ) ខាងកូនក្រមុំ មករករឿងពួកខ្លួន រួចឈ្មោះ អូន សេន ភេទប្រុស (ពូកូនក្រមុំ) បានយកកែវគប់ មកលើតុជនរងគ្រោះ និងក្រោមផ្ទះ ឃើញដូចនេះជនរងគ្រោះបាននាំគ្នាគប់កែវសំដៅទៅតុរបស់ជនសង្ស័យវិញបណ្តាលឲ្យមានរបួសរៀងខ្លួន បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួន ចំណែកជនរងគ្រោះបាននាំគ្នាទៅមណ្ឌលសុខភាពសំរោងធំ ដើម្បីព្យាបាលរបួស រីឯជនសង្ស័យ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តរ ដើម្បីរកមុខសញ្ញាយកមកអនុវត្តន៍តាមនីតិវិធី ។

-តាមការបញ្ជាក់របស់ឈ្មោះ អាន វណ្ណនុប ភេទប្រុស (កូនកំលោះ) និង ឈ្មោះ កុច កែវមុន្នីពេជ្រ ភេទស្រី (កូនក្រមុំ) ថា៖ ឈ្មោះ អូន សេន ភេទប្រុស (ត្រូវជាពូ),ឈ្មោះ មុត ស៊ីណេត ហៅ កេត ភេទប្រុស និង ឈ្មោះ យ៉េង វាសនា ហៅខ្លាញ់ ភេទប្រុស ពិតជាបានបង្កជម្លោះទៅលើជនរងគ្រោះរហូតមានរបួសស្នាម ទៅវិញទៅមក ។

លុះមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី តាមការស្រាវជ្រាវទើបកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ គឺ ឈ្មោះ មុត ស៊ីណេត ហៅកេត ភេទប្រុស និងឈ្មោះ យ៉េង វាសនា ហៅខ្លាញ់ ភេទប្រុស មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរ មិនព្រមសារភាពថាខ្លួនបានប្រើហិង្សាទៅលើជនគ្រោះទេ។ក្រោយពីបានសាកសួររួចជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.