យ៉ាងហោចណាស់មានក្មេងស្ទាវ៨នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីរួមគ្នាវាយទៅលើដៃគូទំនាស់របស់ខ្លួននៅពេលកំពុងអង្គុយផឹកស៊ីនៅក្បែរមាត់បឹងផ្សារដែក ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនៅ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២៣:០០នាទី។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានចំនួន ០៤នាក់រួមមាន៖

១.ឈ្មោះ អោ សំអឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។

២.ឈ្មោះ ភឹម សុវណ្ណ ភេទ្របុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។

៣.ឈ្មោះ អោ សាម៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ។

៤.ឈ្មោះ ពូន វ៉េវ  ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក។

-អ្នកទាំង ០៤ នាក់មានទីលំនៅភូមិចំបក់មាស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកឯជនសង្ស័យមានគ្នាចំនួន ១០នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួន បាន០៨នាក់ ហើយ៥នាក់មានផ្ទុកសារធាតុញៀន។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖១.ពូថៅផ្លែដែក ០១ ដងធ្វើពីឈើ ប្រវែង០,៥៥ម៉ែត្រ (របស់ឈ្មោះ ឈីវ សុខហឿន ហៅស្រួច)។២.ពូថៅផ្លែដែក ០១ ដងឈើខ្លី ប្រវែង០,២៩ម៉ែត្រ (របស់ឈ្មោះ សំ ភត្រា ហៅ សាន់។៣.កាំបិតកញ្ចែត ០១ ដងធ្វើពីឈើ ប្រវែង០,៦៥ម៉ែត្រ (របស់ឈ្មោះ ម៉ឺយ សារ៉ាក់)។៤.រណាដែកអាទឹកកក ចំនួន០,៦៩ម៉ែត្រ (របស់ឈ្មោះ  ណាក់ គេចខ្លួន)។៥.ដាវ ប្រវែង០,៧០ ម៉ែត្រ។៦.ដំបងឬស្សី ប្រវែង០,៥៩ម៉ែត្រ។

៧.កាំបិតបុ័ងតោ ០១។៨.ទូរសព្ទ ០១គ្រឿង ម៉ាក VIVO ពណ៌ទឹកសមុទ្រ បែកខូចខាត (របស់ជនសង្ស័យ)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបង្ហាញថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ជនរងគ្រោះ និង បងប្អូនប្រុស ស្រី មានគ្នាប្រហែល១០នាក់ បាននាំគ្នាទៅអង្គុយផឹកស៊ីនៅចំណុចមាត់បឹងផ្សារដែក ក្នុងភូមិឃុំ កើតហេតុខាងលើ ខណៈពេលក្រុមជនរងគ្រោះ កំពុងអង្គុយផឹកស៊ី ស្រាប់តែមានម៉ូតូម៉ាក Honda Dream C125 ចំនួន ០៣គ្រឿង មិនចាំផ្លាកលេខ និង ឆ្នាំ ផលិត ជិះឌុបគ្នាសរុប ចំនួន ០៨នាក់ មានខ្លះកាន់កាំបិត, កាន់រណាទឹកកក, ពូថៅ និង ដំបង បានជិះនាំមកឈប់ក្បែរកន្លែងជនរងគ្រោះ កំពុងអង្គុយផឹកស៊ី ហើយបានចុះពីលើម៉ូតូធ្វើសកម្មភាពដេញកាប់ក្រុមជនរងគ្រោះ បណ្តលឲ្យជនរងគ្រោះចំនួន ០២នាក់ ឈ្មោះ ភឹម សុវណ្ណ រងរបួសមុតផ្លែរណាត្រូវចំខ្នង និង ឈ្មោះ ពូន វ៉េវ រងរបួសមុតផ្លែកាំបិត ដើមដៃខាងឆ្វេង និង របួសក្រោមក្លៀកខាងឆ្វេង បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូ ជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូ ចំនួន ០៣គ្រឿង ដូចខាងលើនិងកាប់យកផ្លាកម៉ូតូ ០១ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ដោយនៅសល់ជនសង្ស័យ ០១នាក់ ឈ្មោះ រ៉េន ភារៈ រត់ឡើងម៉ូតូមិនទាន់ ក៏ត្រូវក្រុមប្រជាពលរដ្ឋមកដើរកំសាន្តពុំស្គាល់ឈ្មោះ កាប់ត្រូវវិញ បណ្តាលឲ្យរងរបួសក្បាល និង ចង្កាកឺម  ក្នុងពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដែក ចុះមកកន្លែងកើតហេតុ ពេលទៅដល់ក៏មានប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ច ក្រោយមកកម្លាំងជំនាញ បាននាំជនសង្ស័យទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ លុះព្រឹកឡើងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ខ្លួនរួម នឹងបក្ខពួក បាននាំគ្នាជិះម៉ូតូដល់ចំណុចមុខមាត់បឹងផ្សារដែក ឃុំផ្សារដែក ពួកខ្លួនបានឃើញមានមនុស្សជាច្រើននាក់ កំពុងអង្គុយផឹកស៊ីនៅក្បែរមាត់បឹងខាងស្តាំ បន្ទាប់មកពួកខ្លួនជិះម៉ូតូហួសទៅទិសខាងជើង ខណៈពេលនោះបក្ខពួករបស់ខ្លួន បានឃើញនិងស្គាល់ក្រុមក្មេងស្ទាវមួយក្រុម មានគ្នាចំនួនប្រហែល១០នាក់ ពុំស្គាល់ឈ្មោះ និងឃើញម៉ូតូប្រហែល ០៣ទៅ ០៤គ្រឿង ដែលធ្លាប់ជិះម៉ូតូដេញកាប់មិត្តភក្តិរបស់ខ្លួនពេលមកលេងភ្នំ កន្លងមក កំពុងអង្គុយផឹកស៊ីក្បែរមាត់ស្រះកន្លែងកើតហេតុ។ ឃើញដូច្នេះពួកខ្លួនបាននាំគ្នាជិះម៉ូតូត្រឡប់ក្រោយវិញ រួចធ្វើសកម្មភាពដេញវាយនិងកាប់ក្រុមក្មេងស្ទាវខាងលើតែម្តង ហើយខ្លួនបានដកពូថៅពីដៃអាវដេញកាប់ក្រុមពុំស្គាល់ឈ្មោះនោះ ជាមួយនិងបក្ខពួករបស់ខ្លួនដែរ តែកាប់ពុំត្រូវគេទេ ព្រោះពួកគេនាំគ្នារត់គេចទាន់ ។ក្នុងពេលកើតហេតុនោះដែរ មិត្តភក្តិរបស់ខ្លួន ដែលមានលាក់ពូថៅ និងរណា ក្នុងខ្លួនស្រាប់នោះ បាននាំគ្នាកាប់បំផ្លាញម៉ូតូរបស់ក្រុមក្មេងស្ទាវនោះ ចំនួន ០៣គ្រឿង តែខ្លួនពុំបានកាប់បំផ្លាញម៉ូតូរបស់ក្រុមក្មេងស្ទាវនោះជាមួយគេទេ បន្ទាប់មកបក្ខពួករបស់ខ្លួនបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ នៅសល់តែខ្លួនម្នាក់ឯង ស្របពេលជាមួយគ្នាក៏មានក្រុមក្មេងចំនួន ០៣ ទៅ ០៤នាក់ ពុំស្គាល់ឈ្មោះ បានយកកាំបិតបុ័ងតោ កាប់មកលើខ្លួនចំថ្ងាលក្បាលពីមុខ និងយកដំបងវាយចំចង្កា និងជើងខាងឆ្វេង បណ្តាលឲ្យរងរបួស។ ក្រោយមកទៀត ក៏មានសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ នាំរូបខ្លួនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រហូតដល់ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបាននាំរូបខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮសាកសួរបន្ត។

បន្ទាប់មកកម្លាំងផ្នែកជំនាញបានសុំគោលការណ៍ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលពន្លាតដែនដីទៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្តសហការណ៍នាំខ្លួនបក្ខពួកជនសង្ស័យបន្ថែមទៀត។

ចំណែកជនសង្ស័យឈ្មោះ សំ ភត្រា ហៅសាន់ បានឆ្លើយសារភាពថា៖ នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ រូបខ្លួន និង បក្ខពួកខាងលើ ពិតជាបានកាន់ពូថៅ និង កាំបិតញ្ចែត ធ្វើសកម្មភាពដេញកាប់គេបង្កឲ្យមានរបួស និង កាប់បំផ្លាញម៉ូតូ នៅចំណុចមាត់ស្រះទឹកជិតភ្នំព្រះរាជទ្រព្យប្រាកដមែន។

ក្នុងឆ្នាំ២០២២ រូបខ្លួន និងឈ្មោះ រ៉ូត ហៅទូទៅ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មានទីលំនៅភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូរបស់គេនៅផ្លូវជាតិលេខ៥១ ម្តុំថ្លឹងរថយន្ត បានម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ និងនៅកំឡុងខែសីហា ឆ្នាំ២០២២ នៅចំណុចរមណីដ្ឋានភូមិ៥១ ភូមិស្ដុកឈូក ឃុំទំនប់ធំ ស្រុកពញញាឮ ខេត្តកណ្ដាល រូបខ្លួន និងបក្ខពួកបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ វណ្ណី ភេទប្រុស អាយុប្រហែល២៤ឆ្នាំ រស់នៅភូមិស្រែកណ្តុរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល  បណ្តាលឲ្យរងរបួសធ្ងន់។

នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៥១ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល រូបខ្លួន និង បក្ខពួកឈ្មោះ ម៉ឺយ សារ៉ាក់ និងឈ្មោះ ហ៊ុំ លីហៃ បានជិះម៉ូតូម៉ាក Honda Dream C125ឌុបគ្នាធ្វើ សកម្មភាព យកពូថៅកាប់ទៅលើមនុស្សប្រុសម្នាក់ ចំនួន ០២ពូថៅ របួសធ្ងន់ និងឈ្មោះ វីត បានកាប់បំផ្លាញម៉ូតូនិងកាប់ផ្តាច់យកផ្លាកលេខម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ យកទៅបោះចោលនៅក្នុងទឹកខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំងអស់ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវីធី៕

អត្ថបទ៖តាខ្មៅ

Share.