ការប្រកាន់ជំហរលើការផ្ចិតផ្ចង់ការងារ ធ្វើឲ្យម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ ឲ្យដូចពាក្យមួយបានពោលថា ៖ «ធ្វើការងារអ្វីមួយអស់ពីចិត្តពីថ្លើម រហូតដល់មិនមានអ្នកណាធ្វើដូចបាន»។ នេះជាការលើកឡើងរបស់ អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកាក្រុមហ៊ុន M Architect & Construction Co., Ltd.​ បានប្រាប់សារព័ត៌មានត្រយងនៅអំឡុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធី Tea Time។ ទ្រឹស្ដីនេះហើយជំរុញឲ្យអ្នកស្រី កែវ ម៉ាលីកា ទទួលបានជោគជ័យជាបន្ដបន្ទាប់ ជាពិសេសស្នាដៃនៃការគូរប្លង់អគារក្រសួងមហាផ្ទៃ។ តើអ្នកស្រី កែវ ម៉ាលីកា គឺជានរណា?

សូមទស្សនាវីដេអូ

អ្នកស្រី កែវ ម៉ាលីកា កើតនៅឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ។ អ្នកស្រី កើតនៅក្នុងគ្រួសារមន្រ្តីរាជការ ដែលមានឪពុកជាវិស្វករយោធា នៅក្រសួងការពារជាតិ និងម្ដាយជាគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសុមៈ។ អ្នកស្រីមានបងប្អូនចំនួន៣នាក់ ស្រីទាំងអស់ ហើយអ្នកស្រី ម៉ាលីកា គឺជាកូនច្បងនៅក្នុងគ្រួសារ។ អ្នកស្រី កែវ ម៉ាលីកា មានកូនចំនួន៣នាក់ក្នុងនោះប្រុស២ និងស្រី១នាក់ ដែលកូនច្បងមានវ័យជិត២០ឆ្នាំហើយ។ 

អ្នកស្រីម៉ាលីកា ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករខ្មែរដ៏ឆ្នើមមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ក្រោយបង្កើតស្នាដៃអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ កាលពីពេលកន្លងមកនេះ។

អ្នកស្រី កែវ ម៉ាលីកា រៀននៅវិទ្យាល័យសន្ធរម៉ុក ក្នុងឆ្នាំ ១៩៩៧ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិក្សានៅសាលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ។ នៅឆ្នាំ ២០០៦ ទទួលបានសញ្ញាបត្រស្ថាបត្យកម្មពីសាកលវិទ្យាល័យន័រតុន។

អ្នកស្រី កែវ ម៉ាលីកា បានចាប់ផ្ដើមការងារនៅឆ្នាំ ២០០៦ ជាមួយក្រុមហ៊ុនឯកជនជាច្រើន រួមទាំងបទពិសោធន៍រយៈពេល៧ឆ្នាំ ជាមួយក្រុមហ៊ុនអន្ដរជាតិធំៗ ជាពិសេសបានបំពេញការងាររួមគ្នាជាមួយស្ថាបត្យករ បរទេសល្បីៗជាច្រើនរូបបានធ្វើឲ្យអ្នកស្រីបង្កើនសមត្ថភាពទេពកោសល្យក្លាយជាអ្នកចេញម៉ូដអគារបានយ៉ាងល្អ ជាពិសេសម៉ូដអគារបែបក្លាស្សិក និងអាចបូកបញ្ចូលម៉ូដអគារផ្សេងៗចូលគ្នាបានយ៉ាងល្អឯក។

ក្រោយពីបានបំពេញការងារជាច្រើនឆ្នាំ អ្នកស្រីបានបង្កើតក្រុមហ៊ុនមួយជាមួយគ្នា តែដោយដៃគូអាជីវកម្មខ្លះបានបញ្ចប់ភារកិច្ចនៅកម្ពុជា ពួកគេបានត្រឡប់ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ ធ្វើឲ្យលោកស្រីសម្រេចចិត្តបិទក្រុមហ៊ុននោះ ហើយបានចុះបញ្ជីបង្កើតក្រុមហ៊ុន អឹម អាឃីធេក & ខនស្ដ្រាក់សិន ឯ.កនេះឡើង ហើយបន្ដរហូតមកដល់សព្វថ្ងៃនេះ។

អ្នកស្រីបានបង្ហាញសមត្ថភាពរបស់ខ្លួន ដោយបានបន្សល់ស្នាដៃជាច្រើន និងកំពុងបន្ដបង្ហាញស្នាដៃថ្មី នៃការគូរប្លង់អគារឯកជន និងរដ្ឋជាច្រើន ក្នុងនោះរួមមាន៖

  • ១.អគារអគ្គនាយកដ្ឋានរតនាគារជាតិ
  • ២.អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
  • ៣.គណៈកម្មការមូលប័ត្រកម្ពុជា
  • ៤.អគ្គិសនីកម្ពុជា (សាខាខេត្តសៀមរាប)
  • ៥.អង្គភាពប្រឆាំងអំពើពុករលួយ
  • ៦.អគារថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ
  • ៧.សាលាជាតិគយ
  • ៨.បេឡាសន្ដិសុខសង្គម
  • ៩.សាលាភូមិន្ទរដ្ឋបាល រួមទាំងអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីផងដែរ។
អ្នកស្រី ម៉ាលីកា ចេញម៉ូដអគារថ្មី ក្រសួងមហាផ្ទៃ

ដោយសារកើតនៅក្នុងត្រកូលដែលជាប់សាច់ឈាមជាវិស្វករ រួមទាំងបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យនៃការគូរ និងចេញម៉ូដអគារ អ្នកស្រីម៉ាលីកា បានបង្កើតទស្សនៈផ្ទាល់ខ្លួនថា៖ «សំណង់ស្ថាបត្យកម្មដែលល្អគួរមានធាតុផ្សំ៥ គឺ ៖    

  • ១.សោភ័ណ្ឌភាព
  • ២.គុណភាព
  • ៣.សុវត្ថិភាព
  • ៤.សុខុមាលភាព
  • ៥.និរន្ដរភាព

អ្នកស្រី កែវ ម៉ាលីកា បានលើកឡើងទៀតថា មូលហេតុ៣យ៉ាងនាំឲ្យអ្នកស្រីក្លាយជាអ្នកចេញប្លង់ម៉ូដអគារថ្នាក់ជាតិជាច្រើន រួមមាន ៖      

  • ១.ត្រូវតាមដានបច្ចុប្បន្នភាពនៃស្ថានភាព និងបរិយាកាសស្ថាបត្យកម្មទូទៅ
  • ២.មានជំនាញច្បាស់លាស់ និងចំណូលចិត្តរបស់ស្ថាបត្យករ
  • ៣.ត្រូវដឹងពីតម្រូវការ និងការចង់បាន នៃម្ចាស់គម្រោង
អ្នកស្រី ម៉ាលីកា អំឡុងផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកគ្រប់កម្មវិធី Tea Time របស់សារព័ត៌មានត្រយង

ទ្រឹស្ដីមួយទៀត ដែលនាំឲ្យអ្នកស្រីជោគជ័យដែរនោះគឺ «ធ្វើការងារនោះអស់ពីចិត្តពីថ្លើម រហូតដល់មិនមានអ្នកណាធ្វើដូចបាន»។ ន័យនេះ គឺអ្នកធ្វើការ គឺហ៊ានសួរ កែប្រែ បំពេញតម្រូវការអតិថិជន និងតម្រូវការមេ ជាដើម។ ភាពជោគជ័យមួយទៀតដែលមិនអាចអត់លើកឡើងបាន ក្នុងនាមជាស្រ្តី ដែលមានស្វាមី គឺជោគជ័យការងាររបស់ភរិយា មានការគាំទ្រពីស្វាមី ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ញាំងឲ្យការងារដំណើរការយ៉ាងរលូន និងជោគជ័យយ៉ាងត្រចះត្រចង់៕

Share.