ស្ដ្រីម្នាក់ឈ្មោះ សឿន ចាន់ណាវី អាយុ ២២ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ត្រូវបានបុរសជាអតីតសង្សារ ឈ្មោះ មាស សារុំ អាយុ ៣៥ ឆ្នាំ នៅភូមិសង្វែ ឃុំភ្នំគង់ ស្រុកអង្គរជ័យខេត្តកំពត បានប្រើប្រាស់អាវុធខ្លីបាញ់សម្លាប់ នៅចំណុចជ្រុងខាងកើតផ្សារស្ទឹងត្រែង ជាទីតាំងលក់ត្រីសាច់ និងបន្លែបង្ការផ្សេងៗ។

លោកវរសេនីយ៍ឯក ដួងស៊ីវុត្ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ ករណីបាញ់សម្លាប់គ្នានេះ ដើមហេតុមកពីរឿងស្នេហាត្រីកោណ ដោយសារបុរស ឈ្មោះ មាស សារុំ នៅខេត្តកំពត ធ្លាប់បានស្រឡាញ់នារីរូបនេះ  តែខាងឪពុកម្ដាយខាងស្រីមិនពេញចិត្ត ក៏បានបែកគ្នាចេញពីខេត្តកំពត ហើយស្ត្រី ដែលស្លាប់នោះ បានមករស់នៅខេត្តស្ទឹងត្រែង ទិញដីឡូត៍មួយកន្លែង នៅភូមិកាំងមេម៉ាយសង្កាត់ព្រះបាទ ធ្វើជាទីតាំងរស់នៅបច្ចុប្បន្ន  ដើម្បីប្រកបមុខរបររកស៊ី។

លោកវរសេនីយ៍ឯក បានបន្ថែមថា៖ ការមករស់នៅទីនោះ ក៏មានបុរសឈ្មោះ  គីម សុខគឺ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ជាអាជីវករលក់ដូរ នៅចំណុចជ្រុងផ្សារខាងកើតនេះដែរ បានចាប់ចិត្តស្រឡាញ់នារីនេះ ហើយក៏ចូលស្ដីដណ្ដឹងតាមប្រពៃណី និងមានបំណងធ្វើពិធីសែនព្រេន នៅថ្ងៃទី ២៨ ខែមិថុនានេះ ព្រោះពិធីមង្គលការ យើងមិនអាចធ្វើបានឡើយ ដោយសារតែ ព្រឹត្តិការណ៍ ២០ កុម្ភៈ ពាក់ព័ន្ធនឹងជំងឺកូវីដ អាជ្ញាធរហាម រៀបចំពិធីអាពាហ៍ពិពាហ៍។

ប្រជាពលរដ្ឋ ដែលជាអាជីវករ នៅជិតកន្លែងកើតហេតុ បានបញ្ជាក់ផងដែរថា៖ នៅវេលាម៉ោង ៤ និង ៥០នាទី ថ្ងៃទី ២៥ ខែមិថុនា ស្រាប់តែមានលេចមុខបុរស ដែលធ្លាប់ទាក់ទងគ្នានេះ កាលពីយូរមកហើយនោះ មកចាប់នារីរងគ្រោះ ហើយប្រវាយប្រតប់គ្នា ក៏បានលេចលឺសម្លេងគ្រាប់កាំភ្លើងតែម្ដង ក្រោយមកបុរស ដែលបានបាញ់ទៅលើស្ត្រីនោះ ក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ។

តាមការឲ្យដឹងពីបងប្អូនអាជីវករ នៅជិតកន្លែងកើតហេតុបន្ថែមថា៖ ឃាតករដែលបានបាញ់សម្លាប់ស្ត្រី ហើយបានសម្លាប់ខ្លួនឯងនោះ ក៏មានបំណងបាញ់សម្លាប់ ទៅលើបុរសឈ្មោះ គីម សុខគឺ ផងដែរ តែចៃដន្យ បុរសជាគូដណ្ដឹងរបស់ស្ត្រីរងគ្រោះ បានចេញទៅបន្ទប់ទឹកបាត់ ទើបឃាតករនេះ មិនបានបាញ់សម្លាប់ ដល់គូដណ្ដឹងរបស់ស្ដ្រីរងគ្រោះ ឈ្មោះ សឿន ចាន់ណាវី នេះបានទេ ។

សូមបញ្ជាក់ថា៖ ក្រោយពីកើតហេតុ មានករណីបាញ់សម្លាប់គ្នានេះ សមត្ថកិច្ចនគរបាល បានធ្វើការចុះឡោមព័ទ្ធ ឱ្យស្រាវជ្រាវពីមូលហេតុ  និងក្រោយពី រៀបចំនីតិវិធីរួចរាល់ ក៏ប្រគល់សពទាំងពីរ ទៅឲ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី សពស្ត្រី បានយកទៅមូលដ្ឋាន រស់នៅ ភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ចំណែកឯសពបុរស ឈ្មោះ មាស សារុំ អាយុ ៣៥ ជាឃាតករ ត្រូវបានក្រុមគ្រួសារសព មកពីខេត្តកំពត នាំយកទៅបូជា ហើយរៀបចំយកទៅខេត្តកំពតវិញ៕

Share.