ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូចេញទៅរកទិញថ្នាំពេទ្យ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទ បានសម្រេច ស្រែកឆោឡោ ផ្អើលពលរដ្ឋដេញចាប់ខ្លួនជនសង្ស័យបានម្នាក់ រត់គេចបាត់ម្នាក់។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវ១០៣ ចំណុចភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ទូច អំរិត ភេទប្រុស អាយុ ២៦ ស្នាក់នៅផ្លូវរត់ភ្លេីង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សាន់ រតនា ភេទ ស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៧ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ទូរស័ព្ទ មួយគ្រឿង SAMSUNG GALAXY S8 ។

តាមប្រភពបានឲ្យដឹងថា មុនកេីតហេតុ ជនរងគ្រោះជិះម៉ូតូទៅទិញថ្នាំពេទ្យ នៅម្តុំផ្លូវ១០៣ ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ លុះដល់ចំណុចកេីតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 IT-9896 តាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីក្នុងឃ្លុបម៉ូតូខាងមុខ បានសម្រេច ភ្លាមៗស្រែកឆោឡោ ផ្អើលពលរដ្ឋ អ្នកដំណើរតាមផ្លូវជួយដេញចាប់បានម្នាក់ ម៉ូតូមួយគ្រឿង បក្ខពួកម្នាក់ទៀត យកទៅរស័ព្ទរត់គេចខ្លួនបាត់ ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ទួលសង្កែ២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.