ក្មេងស្រីម្នាក់ក្នុងចំណោមបីនាក់បានលង់ទឹកស្លាប់ខណៈដែលពួកគេចុះលេងទឹកស្រះទាំងដែលខ្លួនមិនចេះហែលទឹក។

ករណីនេះកើតឡើងនៅវេលាម៉ោង 12 និង 30 នាទីរសៀលថ្ងៃទី 27 ខែមិថុនាឆ្នាំ 2021 ក្នុងស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចប្រាប់ឲ្យដឹងថាក្មេងស្រីរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ម៉ៅស្រីរ័ត្ន អាយុ 14 ឆ្នាំ។ឯក្មេងស្រីពីរនាក់ទៀតឈ្មោះមុំសៀវម៉ី អាយុ 15 ឆ្នាំនិងម្នាក់ទៀតឈ្មោះសានស្រីនាថអាយុ 15 ឆ្នាំដូចគ្នា។ពួកគេជាសិស្សសាលារស់នៅក្នុងភូមិត្រពាំងស្មាច់ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលកើតហេតុក្រោយពីស្ទូងស្រូវរួចក្មេងស្រីទាំង 3 នាក់បានបបួលគ្នាមកចុះលេងក្នុងទឹកស្រះត្រង់ចំណុចខាងលើដែលមានជម្រៅ4 ម៉ែត្រកន្លះដោយក្មេងស្រីរងគ្រោះចុះទៅមុនផុតដៃផុតជើង។ឃើញដូចនេះក្មេងស្រី 2 នាក់ទៀតបាទព្យាយាមចុះទៅជួយដោយយកអាវដៃវែងបោះឲ្យតោងដើម្បីទាញឡើងពីទឹក តែជាអកុសលក្មេងស្រីរងគ្រោះបានរបូតដៃលង់ទឹកស្លាប់គួរឱ្យសង្វេគ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្រែឫស្សី ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់៕

អត្ថបទ៖ភ្នាក់ងារត្រយងខេត្តពោធិ៍សាត់

Share.