សមត្ថកិច្ចក្រុងបាត់ដំបងបានឃាត់ខ្លួនក្មេងស្រីម្នាក់បញ្ជូនទៅតុលាកាបន្ទាប់ពីបានកាប់ជន  រងគ្រោះ ១កាំបិតប៉័ងតោដោយសារខឹងជនរងគ្រោះបានវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួស។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះថន ដាណែត អាយុ ២០ឆ្នាំរស់នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កាលពីថ្ងៃទី ២៧ ខែ    មិថុនា ឆ្នាំន២០២១កន្លងមកនេះជនសង្ស័យបានទាញយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះឡាច ងួនយី ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅក្នុងភូមិ ១៣មករា សង្កាត់  ព្រែកព្រះស្តេច ក្រុងបាត់ដំបងបណ្តាលឲ្យរងរបួសត្រង់ក្បាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

នារីជនសង្ស័យបានសារភាពថា មូលហេតុដែលបណ្តាលខ្លួនយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះនេះដោយសារតែកំហឹងមួយឆាវដោយសារជនរងគ្រោះនៅថ្ងៃកើតហេតុបានវាយទៅលើបងប្រុសបង្កើតរបស់ខ្លួនឲ្យរបួសទើបទប់ចិត្តមិនបានក៏សម្រេចចិត្តទាញយកកាំបិត    ប៉័ងតោកាប់ទៅលើជនរងគ្រោះវិញដើម្បីសងសឹកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រង់ក្បាល។

ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ នគរបាលក្រុងបាត់ដំបងបានដកហូតបានវត្ថុតាងគឺកាំបិតប៉័ងតោចំនួន ១ ផងដែរដែលជនសង្ស័យបានប្រើប្រាស់ធ្វើសកម្មភាព។ ក្រោយឃាត់ខ្លួននោះផ្នែកជំនាញអធិការដ្ឋានក្រុងបានកសាងសំណុំរឿងបញ្ជូនជនបង្កទៅកាន់សាលាដំបូងខេត្ត   ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖ដំបងក្រញូង

Share.