លោក ឃុង ឃុយ និង អ្នកនាង ចេន សាយចៃ តារាចម្រៀងខ្មែរសុរិន្ទ២ដួងប្រចាំផលិតកម្ម Town Production បានចេញបទចម្រៀងម្នាក់មួយបទដែលមានរសជាតិពីរប្លែកខុសគ្នា ដើម្បីមកបំពេរអារម្មណ៍អ្នកគាំទ្រក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប្រិយមិត្តអ្នកគាំទ្របានដឹងយ៉ាងច្បាស់ហើយថា ម្ចាស់បទ «ពាក់អាវមិនដែលឃើញដោះ» និង «ប្រពន្ធហៅបាយ ប្ដីស្ដាយស្រា» លោក ឃុង ឃុយ ភាគច្រើនបទចម្រៀងរបស់លោកច្រើនតែជាបទសប្បាយៗសម្រាប់ច្រៀងនិងរាំលេង។

ដូច្នេះហើយបទថ្មីរបស់លោកដែលមានចំណងជើងថា «ខ្មែររដឺន» នៅក្នុងផលិតកម្មថោនក៏មិនខុសគ្នាដែរ។ខណ:តារាចម្រៀង ចេន សាយចៃ ដែលអាចច្រៀងបានគ្រប់ទំរង់ទាំងកម្សត់និងកំប្លែងក៏បានបញ្ចេញបទចម្រៀងមនោសញ្ចេតនាមួយបទសម្រាប់ឆ្នាំថ្មីដែរ ដែលជាបទកម្សត់សោកសៅមានចំណងជើងថា «នាងលក់ក្របីចោល» បរិយាយពីនារីស្រុកស្រែម្នាក់សុខចិត្តលក់ក្របីចោល ដើម្បីបំភ្លេចការឈឺចាប់ ដែលសង្សារក្បត់ចិត្តទៅស្នេហ៍នារីទីក្រុងវិញ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ថាបទចម្រៀងទាំងពីរបទរបស់តារាចម្រៀងមកពីដែនដីសុរិន្ទពីរោះយ៉ាងណានោះ បងប្អូនអាចចូលស្ដាប់លើឆាណែលយូធូបរបស់ផលិតកម្មថោន៕