អ្នកចាំទី ជា ហ្វារីយ៉ា ដែលបានបង្ហាញខ្លួនពេញ ៩០នាទីជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ឆ្នាំ យកឈ្នះ ក្រុមជម្រើសជាតិនារីម៉ាឡេស៉ី អាយុក្រោម ២០ឆ្នាំ ដោយលទ្ធផល ១ទល់០ នៅកីឡដ្ឋាន Smart RSN នៃពានរង្វាន់ AFC U-20 Women’s Asian Cup វគ្គជម្រុះជុំទី១។

ជា ហ្វារីយ៉ា បានលើកឡើងថាក្តីស្រម៉ៃបានក្លាយជាការពិតក្នុងការជាប់ក្រុមជម្រើសជាតិនារី និងជួយឲ្យក្រុមឈ្នះលើកដំបូងក្នុងពានរង្វាន់អន្តរជាតិ៖«ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងក្នុងការជាប់ក្រុមជម្រើសជាតិនារីកម្ពុជា ជាលើកដំបូង ដោយបានសម្រេចក្តីស្រម៉ៃក្លាយជាការពិត»។

កីឡាការនីបន្តទៀតថា៖«បន្ទាប់ពីការបរាជ័យក្នុងការធ្វើតេស្តជាច្រើនលើក និងរបួស ធ្វើឲ្យខកខានការចូលរួមជាមួយជម្រើសជាតិនារីកន្លងមក។ ជាមួយគ្នានោះក៏បានលេងក្នុងការជួយឲ្យក្រុមជម្រើសនារីកម្ពុជា អាយុក្រោម ២០ឆ្នាំទទួលបានជ័យជម្នះលើកដំបូងក្នុងការប្រកួតពានរង្វាន់ AFC U-20 Women’s Asian Cup»។

ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២០ឆ្នាំស្ថិតនៅលេខ២ មាន៣ពិន្ទុ ក្នុងតារាងពូល G ក្នុងការប្រកួតពានរង្វាន់ AFC U20 Woman’s Asian Cup ២០២៤ វគ្គជម្រុះជុំទី១។ មីយ៉ាន់ម៉ា នឹងឡើងទៅវគ្គជម្រុះជុំបន្ទាប់ ខណះក្រុមនារីរបស់កម្ពុជាយើងអស់ឱកាសត្រឹមវគ្គនេះ៕

Share.