ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាកចេញពីទីក្រុង ម៉ូស្គូ នាថ្ងៃ ពុធ សប្ដាហ៍នេះ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយភាពសប្បាយរីករាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Alarabiya News នាថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ថា យន្ដហោះរបស់លោក ស៊ី ជិនពីង បានចាកចេញពីអាកាសយានដ្ឋាន Vnukovo នៃទីក្រុង ម៉ូស្គូ ជាមួយនឹងការជូនដំណើរដោយការប្រគុំភ្លេងជាតិរុស្ស៊ី និង ចិន។

កាលពីថ្ងៃ អង្គារ លោក ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគីរុស្ស៊ីគឺលោក ពូទីន ដែលនាំឲ្យទំនាក់ទំនងនៃប្រទេសទាំង២ ចូលក្នុងយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ដោយមេដឹកនាំទាំង២ បានអំពាវនាវឲ្យមានកិច្ចសន្ទនា ប្រកបដោយការទទួលខុសត្រូវដើម្បីដោះស្រាយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។

ទាក់ទិននឹងបញ្ហានេះ បណ្ដាប្រទេសលោកខាងលិចបាននិយាយថា សំណើសន្ដិភាពរបស់ចិនអាចអនុញ្ញាតឲ្យទីក្រុង ម៉ូស្គូ បញ្ឈប់ការរឹបយកទឹកដីដែលខ្លួនបានរឹបអូសនៅអ៊ុយក្រែន។

សូមជម្រាបថា ដំណើរទស្សនកិច្ចនៅទីក្រុង ម៉ូស្គូ របស់លោក ស៊ី ត្រូវបានគេមើលឃើញថា ជាការផ្ដល់កម្លាំងចិត្តមួយសម្រាប់លោក ពូទីន ដែលស្ថិតនៅក្រោមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការចោទប្រកាន់ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់៕

ប្រភព៖ Alarabiya News

Share.