សិល្បៈ​ជាតិ​៖  «I​ believe​ in​ destiny​, you​ believe​ in​ forever​,» គ្រាន់​តែ​ជា​ឃ្លា​ដំបូង​នៃ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ «មនុស្ស​ពិសេស​» ដែល​បទ​នេះ​កំពុង​តែ​ល្បីល្បាញ​នៅ​គ្រប់​បណ្ដាញ​សង្គម​ទាំង​ TikTok​ , Facbook​ , Youtube​ និង​ Instagram​។ ប៉ុន្តែ​អ្នក​លេង​បណ្ដាញ​សង្គម​គ្រប់​គ្នា​មាន​ចម្ងល់​ថា ​តើ​តួឯក​ប្រុស​ស្រី​ជា​គូ​ស្នេហ៍​ផ្អែមល្ហែម​មួយ​គូ​ បាន​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​នេះ​ គឺ​ជា​អ្នកណា​?​ បើ​មើល​ទៅ​ពួក​គេ​មិនមែន​ជា​តារា​សិល្បៈ​ទេ​ តែ​ដូច​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​លើស​ជាតិ​ស្ករ​។​

យោង​តាម​ការ​បង្ហោះ​ផ្សាយ​នៅ​លើ​យូធូប​ឆាណែល​ឈ្មោះ​ Olicaztc​ ដែល​មាន​អ្នក​តាម​ដាន​ជាង​ 54,1 ពាន់​ បាន​បញ្ចេញ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ «មនុស្ស​ពិសេស​» នេះ​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​មីនា​ ឆ្នាំ​ ២០២៣​ ដែល​បាន​បកស្រាយ​ដោយ​តារាចម្រៀង​យុវវ័យ​ពីរ​រូប​សហការ​គ្នា​គឺ​ Glomyy​ Vincent​ និង​ Olica​។ តាម​ការ​ប្រកាស​ប្រាប់​មហាជន​ មួយ​បទ​នេះ​ត្រូវ​បាន​រៀបរៀង​ និង​សរសេរ​ទំនុក​ច្រៀង​រៀប​រាប់​ពី​អត្ថន័យ​ស្នេហា​ស៊ីជម្រៅ​ដោយ​ លោក​ Glomyy​ Vincent​ ដែល​ត្រឹម​រយៈ​ពេល​ ១០​ ថ្ងៃ​នៃ​ការ​បញ្ចេញ​បទ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​លើក​ដំបូង​ គឺ​មាន​អ្នក​ទស្សនា​ដល់​ទៅ​ ១ ​លាន​ដង​នៃ​អត្រា​ទស្សនា​។  តើ​បទ​នេះ​លោក​បាន​សរសេរ​ពី​រឿងរ៉ាវ​ស្នេហ៍​របស់​អ្នកណា​?​

បើ​មើល​ឱ្យ​ចំ​ បទ​នេះ​គឺ​ហៅ​ថា​ ជា​ចម្រៀង​សម្រាប់​អបអរ​អាពាហ៍ពិពាហ៍​ជូន​ចំពោះ​កូន​កំឡោះ​និង​កូន​ក្រមុំ​ ដែល​កូន​កំឡោះ​ក្នុង​បទ​នេះ​ឈ្មោះ​ ចា​ សេរីវុឌ្ឍ​ និង​កូន​ក្រមុំ​ឈ្មោះ​ ស៊ីដា​ សាគូរ៉ា​ បាន​រៀប​មង្គលការ​នឹង​គ្នា​នៅ​ថ្ងៃ​ទី​ ៣​ ខែ​មីនា​ ឆ្នាំ​ ២០២៣​។ ចុះ​​គូស្នេហ៍​មួយ​គូ​នេះ​មាន​ជាប់​ឈាមជ័រ​អ្នក​សិល្បៈ​មែន​ទេ​?​

ច្បាស់ណាស់​ សាវតា​ លោក​ ចា​ សេរីវុឌ្ឍ ​ គឺ​ជា​កូន​ប្រុស​ច្បង​របស់​លោក​ ចា​ រិទ្ធី​ ដែល​ជា​អតីត​តារា​សម្ដែង​ និង​ជា​អ្នក​ដឹកនាំ​កម្មវិធី​ប្រគំ​តន្រ្ដី​ល្បី​ឈ្មោះ​ប្រចាំ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ ដែល​សព្វ​ថ្ងៃ​លោក​ក៏​ជា​អ្នក​ជំនួញ​ជោគជ័យ​មួយ​រូប​ផង​ដែរ​។ នៅ​អំឡុង​ឆ្នាំ​ ២០១៧ ​កូន​ប្រុស​ច្បង​របស់​លោក​ ចា​ រិទ្ធី​ បាន​រៀន​ចប់​ថ្នាក់​បរិញ្ញបត្រ​ផ្នែក​សេដ្ឋកិច្ច​ នៅ​សាកលវិទ្យាល័យ​លីមកុងវីង​ និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្ដរ​ជាតិ​ នៅ​ប្រទេស​អូស្រា្ដលី​នៅ​ឆ្នាំ​ ២០១៩​។​ លោក​ក៏​មាន​កូនស្រី​ពៅ​ម្នាក់​ទៀត​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សកលវិទ្យាល័យ​ DEAKINUNIVERSITY​ ក្នុង​ទី​ក្រុង​មែលប៊ន​ នៃ​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ​ ២០២២​ផង​ដែរ​។​

កូន​ប្រុស​លោក​ ចា រិទ្ធី​ វ័យ​ប្រមាណ​ ៣០​ ជាង​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ សព្វ​ថ្ងៃ​គឺ​ជា​មន្ត្រី​យោធា​ស័ក្ដ​មួយ​ បាន​សាង​ចំណង​ស្នេហា​ផ្អែមល្ហែម​រហូត​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​ជាមួយ​ភរិយា​ឈ្មោះ​ ស៊ីដា​ សាគូរ៉ា​ ដែល​គេ​បាន​ដឹង​ថា​ កញ្ញា​ជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន​រចនា​ផ្សព្វផ្សាយ​ឈ្មោះ​ Bread​ Design​ Media​ និង​បាន​បញ្ចប់​ការ​សិក្សា​ពី​ទី​ក្រុងបាងកក​ ប្រទេសថៃ​។​

អ្វី​ដែល​ចាប់អារម្មណ៍​ជា​ពិសេស​ទៀត​នេះ  ចំណង​ជើង​បទ​ចម្រៀង​នេះ​ជា​ភាសាអង់គ្លេស​ «Special​ Someone​(S​S​)» ​ហើយ​ឯ​គូ​ស្នេហ៍​ពិត​មួយ​គូ​មាន​ឈ្មោះ​ឡើង​ផ្តើម​ដោយ​អក្សរ​ S​ដូច​គ្នា​ គឺ​ Sereyvuth​ និង​ Sakura​ ក៏​បាន​ចែក​រំលែក​សារ​នៅ​លើ​ហ្វេសប៊ុក​ទាក់ទង​នឹង​អត្ថន័យ​ក្តី​ស្នេហ៍​របស់​ពួក​គេ​តាម​រយៈបទ​ចម្រៀង​មួយ​នោះ​ផង​ដែរ​នៅ​មុន​ថ្ងៃ​ចេញ​ផ្សាយ​ជា​ផ្លូវការ​ ដោយ​បាន​លើក​ឡើង​ខ្លះ​ៗ​ថា​ «Good​ Memories​ are​ still​ memories​. Our​ current​ emotion​ and​ feeling​ are​ outcomes​ of​ those​ memories​» ដែល​មាន​ន័យ​ថា​ «ការ​ចងចាំ​ល្អ​នៅ​តែ​ជា​ការ​ចងចាំ​។ មនោសញ្ចេតនា ​និង​អារម្មណ៍​របស់​យើង​ពេលនេះ​ គឺ​ជា​លទ្ធផល​នៃ​ការ​ចងចាំ​ទាំង​នោះ​»​។​

ស្នេហា​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ជាពិសេស​មជ្ឍដ្ឋាន​មហាជន​ទូទៅ​រំជើប​រំជួល​តាម​រយៈបទ​ «មនុស្ស​ពិសេស​» ។ បើ​គិត​មក​ត្រឹម​ថ្ងៃទី​ 28​ ខែ​មីនា​ នេះ​ មាន​ចំនួន​អ្នកទស្សនា​នៅ​លើ​យូធូប​ចំនួន​ ១,5​ លាន​ដង​ក្នុង​រយៈ​ពេល​ ២​សប្ដាហ៍​។​ ដូច្នោះ​ហើយ​តើ​ប្រិយមិត្ត​ទាំងអស់​ពេញ​ចិត្ត​បទ​ថ្មី​មួយ​នេះ​កម្រិត​ណា​?​

Share.