ក្រុមអាជីវករផ្សារបឹងឈូកច្រើនជាង ២០០នាក់បានប្រមូលផ្តុំគ្នាមុខសាលាខេត្តបាត់ដំបងសុំឲ្យអភិបាលខេត្តជួយអន្តរាគមន៍ឲ្យពួកគាត់បានកន្លែងលក់ដូរដូចធម្មតាឡើងវិញក្រោយមានសេចក្តីជូនដំណឹងពីការកែសម្រួលសណ្តាប់ធ្នាប់ផ្សារ។

លោក ពៅ ប្រុស ជាអាជីវករលក់ពងមាន់ ពងទា បានលើកឡើងនៅថ្ងៃទី ០១ ខែកក្តដា ឆ្នាំ ២០២១នេះថា ការមកតវ៉ានាពេលនេះ គឺក្រុមអាជីវករមិនមានចេតនាបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់នោះទេ ប៉ុន្តែគោលបំណងមានតែមួយគត់គឺសុំឲ្យឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងជួយសម្របសម្រួលឲ្យពួកគាត់មានកន្លែងលក់ដូរលើទីតាំងចាស់ដដែល ព្រោះកាលពីថ្មីៗនេះរដ្ឋបាលខេត្តបានជូនដំណឹងដល់ក្រុមអាជីវករទាំងអស់ឲ្យបញ្ឍប់ការលក់ដូរនៅទីតាំងចាស់លើដងផ្លូវជុំវិញតួផ្សារទាំងមូល ហើយតម្រូវឲ្យពួកគាត់ទៅរកកន្លែងលក់ដូរនៅកន្លែងផ្សេង។

ចំណែកអ្នកស្រី ទេវី ពៅ អាជីវករលក់បន្លែជាង ២០ឆ្នាំនៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបងនេះបានរៀបរាប់ថា បើមិនឲ្យគាត់លក់ដូចរាល់ថ្ងៃទេនោះគាត់ប្រាកដជាដាច់ពោះស្លាប់ ដូចនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាអនុគ្រោះជួយផ្តល់ទីតាំងលក់សម្រាប់ពួកគាត់នៅកន្លែងដើមវិញផង។

ប្រភពពីអាជីវករបានឲ្យដឹងថា  ពួកគាត់ចូលមកលក់នៅក្នុងផ្សារបឹងឈូកនេះ យូរណាស់មកហើយ ដែលខ្លះលក់បាន ១០ឆ្នាំ និងខ្លះទៀតលក់បាន ២០ឆ្នាំកន្លងមក។ បើមិនឲ្យពួកគាត់បានលក់ដូរនៅកន្លែងចាស់ទេ តើឲ្យពួកគាត់ទៅលក់ឯណាដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ក្រោមកិច្ចសម្របសម្រួលជាង ១ម៉ោងក្រោយពីតំណាងអាជីវករចំនួន ១០នាក់ទៅជួបជាមួយថ្នាក់ដឹកនាំខេត្ត ជាលទ្ធផលអាជ្ញាធរបានសម្រេចយកទីតាំងចាស់ដែលបងប្អូនអាជីវករធ្លាប់លក់ដូររៀបចំសណ្តាប់ធ្នាប់ កែលម្អបរិវេណជុំវិញតួផ្សារទាំងមូលឲ្យមានរបៀបរៀបរយល្អ ស័ក្តិសមជាតំបន់ទេសចរណ៍ ទីផ្សារប្រកបដោយភាពទាក់ទាញ។ ចំពោះទីតាំងថ្មីដែល      ក្រុមហ៊ុនម៉ៅភាស៊ីផ្សាររៀបចំឲ្យប្រជាពលរដ្ឋទៅលក់ដូរថ្មីស្ថិតនៅក្នុងផ្នែកមួយដែលអាចទទួលយកបាននៃផ្សារបឹងឈូកដដែល ហើយទុកឱកាសឲ្យក្រុមអាជីវករទាំងអស់រយ:ពេល ៣ខែដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី៕

Share.