សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ក ដោយខ្លួនឯង ត្រឹមថ្ងៃទី២ កក្កដា ២០២១នេះ ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានធ្វើតេស្តរកមេរោគកូវីដ១៩ ឃើញថា អវិជ្ជមានកូវីដ១៩។

នៅលើផេករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ថ្ងៃនេះ ក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ”។

សម្ដេចបានសរសេរទៀតថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ ដើម្បីធានាថា ពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់ គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

Share.