សិល្បៈជាតិ៖ ថ្មីៗនេះ លោក សុន ម៉ានី ទាយាទម្ចាស់ផលិតកម្មឆ្លងដែនបានចេញមុខដើម្បីបើកផលិតកម្មដែលបានបិទទ្វារអស់រយ:កាលប្រមាណ២០ឆ្នាំមកហើយនោះឱ្យដំណើរការជាថ្មីឡើងវិញ។ លោកបានរៀបរាប់ថា លោកបើកផលិតកម្មនេះឡើងវិញ ព្រោះចង់បន្តវេនពីឪពុកនៅក្នុងទម្រង់ថ្មី។ ប៉ុន្តែការលើកឡើងរបស់លោកត្រូវបានលោក គួច ខេវិន ចេញមកប្រតិកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

លោក គួច ខេវិន បានបញ្ចេញមតិថា រឿងបុរសឈ្មោះ មុន្នី ដែលអះអាងថាជាកូនថៅកែឆ្លងដែន គឺជារឿងអស់សំណើចតែបើយោងទៅតាមផ្លូវច្បាប់គឺជារឿងពិបាកសើចហេតុនេះលោកស្នើរសុំឲ្យបុគ្គលនេះគួរតែសុំទោសទស្សនិកជនជាសាធារណៈ។ លោក គួច ខេវិន បាននិយាយទៀតថា អស់សំណើចអាក្អូនម្នាក់នេះបាននិយាយប្រាប់គេថា រូបគេជាកូនប្រុសរបស់លោកអ៊ុំ ធឹង សុន ដែលពុំទាំងដឹងថាឪពុកអាយុប៉ុន្មាននៅពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតកផលិតកម្ម”ឆ្លងដែន” Chlangden Production ដែលល្បីល្បាញតាំងតែពីទសវត្សឆ្នាំ៨០មកម្លេះ ។

លោកបន្តថា បើគយគន់ទៅមើលរូបឆោមរបស់បុរសនេះ ធៀបគ្នាទៅនឹងលោកអ៊ុំ ធឹង សុន ឬជាមួយនឹងកូនៗរបស់លោក ធឹង សុន បីនាក់កំពុងរស់នៅអាម៉េរិក គឺដូចគ្នាមេឃហើយនឹងដី?។ តាមពិតទៅលោកអ៊ុំ ធឹង សុន មានកូនតែបីនាក់គត់ និងមានទំនាក់ទំនងយ៉ាងស្និតជាមួយខ្ញុំដូចបងប្អូនបង្កើតទោះជាខ្ញុំចាកចេញពីអាមេរិកក្រែលឆ្នាំហើយក្តីក៏យើង និយាយគ្នាបានព្រឹកល្ងាច ហើយបីនាក់នោះបដិសេដថាមិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ។ បើកូនបង្កើតមិនស្គាល់បងប្អូនបង្កើតតើមានបងៗប្អូនៗតារាចម្រៀងដែលធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែនណាខ្លះស្គាល់អន្ទិតម្នាក់នេះថា ជាកូនលោកអ៊ុំ ធឹង សុន? មេត្តាជួយប្រាប់ផង។

លោក គួច ខេវិន បញ្ជាក់ទៀតថា តាំងតែពីមុនលោកអ៊ុំ ធឹង សុន អនិច្ចកម្មលោកបានទទួលសិទ្ធិពេញលេញក្នុងការផលិត និងដំណើរការផលិតកម្ម “ឆ្លងដែន” បន្ទាប់ពីលោក ណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស” ដែលបំបែកចេញពីផលិតកម្មឆ្លងដែន (មិនបាច់បញ្ជាក់ឆ្នាំព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ) តែលោកមិនដែលមិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់អាលីងហ្មង ថាជាកូនលោកអ៊ុំ ធឹង សុន? មើលទៅគិតទៅពិចារណាទៅ អស់សំណើច។ ប៉ុន្តែបើយោងទៅរកទិដ្ឋភាពផ្លូវច្បាប់ទំនងជាពិបាកសើចចំពោះករណីនេះ បើឈប់បានឈប់ទៅ ? ហើយសុំទោសសាធារណជនផងណាអាក្អូន។

យ៉ាងណាមិញ សុន ម៉ានី បានអះអាងថា ចេតនារបស់លោក គួច ខេវិន គឺចង់មួលបង្កាច់លោក និងជាន់ពន្លិចលោក។ លោកថា អ្នកដែលនិយាយបែបនោះ គឺមិនបានដឹងរឿងផ្ទៃក្នុងរបស់ក្រុមគ្រួសារលោកឡើយ។ លោកបានសង្កតធ្ងន់ថា លោកមិនខ្លាចនោះទេ ប្រសិនបើត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ព្រោះលោកបានបើកផលិតកម្មនេះស្របច្បាប់ដូចគ្នា៕

Share.