អគ្គិភ័យបានឆាបឆេះ រោងយាម ក្នុងវិទ្យាល័យ ជា ស៊ីម សង្កាត់បឹងកេងកង។ ហេតុការណ៍នេះកើតឡើង​នៅ​វេលា​ម៉ោង​១៧​ និង​១០​នាទី​ ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ នៅ​ចំ​ណុ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​៣៩២​ ភូមិ​១​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រោង​យាម​នេះ​មាន​ម្ចាស់​ឈ្មោះ​ ស្រី​ ឡាក់​ ភេទ​ប្រុស​ អាយុ​៨៧​ឆ្នាំ​ ជា​អ្នកយាម​សាលា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ ។​

​ក្នុង​ហេតុការណ៍​មួយ​នេះ​បាន​បំផ្លាញ​ផ្ទះ​ឈើ​ប្រក់​សង្ក​សី​ មាន​ទំហំ​ ៤​ម៉ែត្រ​ គុណ​ ៥​ម៉ែត្រ​ អស់ទាំង​ស្រុង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ និង​អគារ​សាលា​ឡើយ​ ។​

​ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ២​ឡាន​ និង​រថយន្ត​ក្រសួងមហាផ្ទៃ​ ចំនួន​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១​ឡាន​ ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ ថ្ងៃ​ដដែល​ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

Share.