ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីប្រើល្បិចតាំងខ្លួនជាគ្រូបង្រៀន ទៅបោកបញ្ឆោត ល្បួងក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ នាំយកទៅរំលោភសេពសន្ទវៈ បានសម្រេច កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅក្នុងវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយរត់គេចខ្លួនបាត់៥ថ្ងៃ ទើបកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាន ។

ជនសង្ស័យឈ្មោះ ជា ធារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុទើប១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូទៅទិញទឹកក្រឡុក នៅកន្លែងឪពុកម្តាយក្មេងស្រីរងគ្រោះលក់ ក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយប្រើល្បិចតាំងខ្លួនជាគ្រូបង្រៀន មានវិញ្ញាសារសម្រាប់សិស្សប្រឡងថ្នាក់ទី៩ ទាក់មាត់ទាក់ពាក្យសម្តី ធ្វើឲ្យក្មេងស្រីរងគ្រោះ និងឪពុកម្តាយជឿ លុះដល់រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យប្រើល្បិច បញ្ចុះបញ្ចូលឪពុកម្តាយក្មេងរងគ្រោះ ឌុបក្មេងរងគ្រោះទៅយកវិញ្ញាប្រឡង នៅវិទ្យាល័យភ្នំពេញថ្មី ខណ្ឌសែនសុខ លុះវិលត្រឡប់មកវិញ ថាឆ្ពោះទៅវិទ្យាល័យជម្ពូវ័ន ប៉ុន្តែជាឱកាសរបស់ជនសង្ស័យ ឌុបក្មេងស្រីរងគ្រោះ នាំបង្ខំចូលទៅក្នុងបន្ទប់ទឹកទុកចោលមួយកន្លែងក្នុងវត្តតាំងកសាងខាងត្បូង រួចចាប់រំលោភរហូតបានសម្រេច ទោះជាក្មេងរងគ្រោះអង្វរយ៉ាងណាក៏ដោយ ហើយដកកូនកំបិតភ្ជង់គម្រាម ហាមស្រែក រួចឌុបក្មេងស្រីរងគ្រោះបន្តទៅផ្ទះសំណាក់មួយកន្លែង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុនប៉ងចាប់រំលោភម្តងទៀត តែត្រូវបាន ជនរងគ្រោះប្រកែក ស្រែកឮៗ ធ្វើឲ្យជនសង្ស័យខ្លាចបែកការ ភ័យ រត់គេចខ្លួនបាត់ ។

ក្មេងស្រីរងគ្រោះក្រោយពីទទួលរងនូវការរំលោភលើរាងកាយ វិលទៅផ្ទះវិញ រៀបរាប់ប្រាប់ឪពុកម្តាយ ហើយត្រូវបានអាណាព្យាបាលនាំទៅដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញខណ្ឌ ។

ក្រោយពីទទួលបានបណ្តឹងពីភាគីរងគ្រោះ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU សហការបើកការស្រាវជ្រាវ ទីបំផុតចាប់ខ្លួនបានជនសង្ស័យ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចនាំទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.