សិល្បៈជាតិ៖ មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងមកថា មហាជនអ្នកលេងបណ្ដាញសង្គមមានអារម្មណ៍ក្ដៅក្រហាយខ្លាំងនិងប្រតិកម្មចំពោះលោក ឯម រាម ជាខ្លាំង បន្ទាប់ពីលោកបានបោះសម្ដីនៅលើបណ្ដាញសង្គម ជាសំណេរសង្កត់ធ្ងន់ថា ៖ «១លាន បេះដូងក្លែងក្លាយ» ស្របពេលដែលកម្ពុជាត្រៀមបំបែក​ឯត​ទគ្គកម្ម​ពិភព​លោក ១លានបេះដូង នាថ្ងៃស្អែកនេះ។

មហាជនអ្នកលេងបណ្ដាញសង្គមចាប់បានថា លោក ឯម រាម បានបង្ហោះសារនៅថ្ងៃទី ១០ ខែមេសា នេះថា ៖ «១លាន បេះដូងក្លែងក្លាយ បើថវិការរដ្ឋសូមចូលរួមសោកស្ដាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគូនៅទីនេះ….»។ យ៉ាងណាមិញ សារនេះត្រូវបានគេអះអាងថា លោកបានលុប និងកែតម្រូវឡើងវិញច្រើនលើកច្រើនសារជា ៖ «១លាន បេះដូងចំរុះ​ពណ៌​»។

យ៉ាងណាមិញ មហាជនអ្នកលេងបណ្ដាញសង្គមមានមតិប្រតិកម្មយ៉ាងខ្លាំង និងលើកឡើងផ្សេងៗគ្នាដូច្នោះ៖

«តើបុគ្គល Em Riem ចង់បានប្រជាប្រិយភាព ភាពទាក់ទាញ តាមវិធីបែបនេះមែនទេ ? យើងពិតជាសោកស្ដាយចំពោះការលើកឡើងរបស់លោក ខណៈដែលយុវជន ប្រជាជនកម្ពុជា រាប់លាននាក់បានរួមចំណែកក្នុងការបង្កើតបេះដូង ក្នុងន័យបង្ហាញពីការគោរពស្រឡាញ់ បង្ហាញក្ដីស្រឡាញ់ចំពោបងប្អូនជាជនពិការ សិល្ប:ករសិល្ប:ការនី កីឡាករកីឡាការនីជាជនពិការ និងជាសាមគ្គីភាពរបស់កម្ពុជាតែមួយ ។»

«ឱ​ លោកបង​ ឯម​ រៀម​ អើយ! បើថាបំពុលសង្គម​ អោយដឹងថា​ បំពុល​សង្គម​, គ្រាន់តែ Status លោកផុសមួយ​ កែឡើងចង់10ដង​ សួរថា​ តើលោកផុសដើម្បីអ្វី? មុនផុសមានគិតទេ? រឺអាងសុំទោស? អក្សរ​សរសេរមិនដែលត្រូវ​ សុទ្ធតែ​បណ្ឌិតរៀនចប់ក្រៅប្រទេស​ អក្សរ​សាស្ត្រ​ខ្មែរ​ សរសេរមិនត្រូវផង​ ហៅខ្លួនឯង​បណ្ឌិត​ ខ្ញុំ​ខ្មាសមាត់ខ្លួនឯងណាស់ យំសិន​។»

«ខ្ញុំជាអ្នកបត់បេះដូងផ្ទាល់ដៃ​ ក៏ដូចជាប្រជាជនជាច្រើនម៉ឺននាក់ទៀត​ តើអ្នកគិតថាជាក្លែងក្លាយ? ម៉េចក៏លោកឈានដល់ដំណាក់កាលនេះ? ឬទស្សន:បែបបរទេសនិយម​ពេក​ មើលរំលងអ្វីដែលជាខ្មែររួមគ្នាខំធ្វើ? តើគេធ្វើនេះ​ ដើម្បីមនុស្សប៉ុន្មានម៉ឺននាក់​ ឬតំណាងឲ្យជាតិខ្មែរទាំងមូល? ល្មមៗបានហើយ កុំយកបរទេសនិយម​ បំពានខ្មែរខ្លួនឯង​ រួចស្រែកប្រាប់គេថា​ ខ្ញុំស្រលាញ់ខ្មែរនោះ។ ទុកឲ្យខ្មែរមួយនគរស្រលាញ់ផង​ កុំមួយប្រទេសមានតែមួយអី។»

«ចេញមកអោយតែគេជេរ រួចតាំងចេញវីដេអូយំល្ហេមល្ហាម គេគ្រប់គ្នាខំណាស់ទំរាំបានចេញជារូបរាងចេញ​មក​តែ​​ភ្លើ​ចេះឯងបានគេជេរមិនខុសនោះ»

«ទស្សនៈរបស់លោក​ ចង់បានន័យយ៉ាងម្ដេច? និយាយ​មកសុទ្ធតែក្លែងក្លាយ​? គ្រប់បេះដូងដែលបងប្អូនខ្មែរបានបត់​ ប៉ុណ្ណឹងគេមិនចាំបាច់ប្រើថវិការរដ្ឋទេ​ គេស្រ​ឡាញ់ខ្មែរគេប្រើថវិកាផ្ទាល់ខ្លួនមកទិញបត់បាន​ លោកបើមិនដឹងកុំចេញសម្ដីហួសពេក។»

នៅមានមតិជាច្រើនទៀតដែលមិនបានពេញចិត្តនឹងសម្ដីរបស់លោក ឯម រាម ដែលបានលើកឡើងដូចខាងលើនេះ។

ជាមួយករណីនេះ សារព័ត៌មាន ត្រយង បានព្យាយាមសួរនាំលោក ឯម រាម ពីបញ្ហានេះ ដើម្បីបំភ្លឺបន្ថែម ប៉ុន្តែលោកនៅមិនទាន់បានឆ្លើយនៅរសៀលនេះនៅឡើយទេ៕

Share.