ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅបរិវេណទីស្ដីការក្រសួងយុវជន និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយា នាព្រឹកថ្ងៃទី១១ ខែមេសានេះ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។

ពិធីដែលបានធ្វើឡើង នៅវេលាម៉ោង ៩ព្រឹក (ម៉ោងនៅកម្ពុជា) នាថ្ងៃ អង្គារនេះមានការអញ្ជើញ ចូល​រួមដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាបេសកជន ពិសេស​តំណាង CAMSOC, ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសម៉ាឡេស៊ី, លោកជំទាវ Hannah Yeoh Tseow Suan រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី, ឯកឧត្តម Datuk Haidin Mohd Amin អនុប្រធាន គណៈកម្មាធិការ អូឡាំពិកម៉ាឡេស៊ី, ឯកឧត្តម Dato’ Sri Megat Shariman Zaharudin អនុប្រធាន ក្រុម ប្រឹក្សាប៉ារ៉ាឡាំពិកម៉ាឡេស៊ី និងភ្ញៀវកិត្តិយស សិស្សានុសិស្សជាច្រើនទៀត។

ជាការញាំងឱ្យពិធីរត់ភ្លើងគប់ កាន់តែមានអត្ថន័យ គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី បានចាត់តាំង អត្តពលិក ដែលជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៨១ ដល់ ឆ្នាំ២០១៩ ចំនួន៨នាក់ ដើម្បីចូលរួម ពិធីរត់ភ្លើងគប់ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែល កម្ពុជា ត្រូវ ធ្វើជាម្ចាស់ ផ្ទះនេះ ផងដែរ។

បេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន ក៏ បានមានប្រសាសន៍ ដែរថា៖ «ក្នុងចំណោមវិស័យនានា កីឡាបានដើរ តួនាទីយ៉ាង សំខាន់ក្នុងការ ពង្រឹង ទំនាក់ទំនង រវាង កម្ពុជា និងម៉ាឡេស៊ី។ ពិធីដង្ហែ ព្រះអគ្គិជ័យកីឡា ថ្ងៃនេះ បានបង្ហាញ ឱ្យឃើញ ពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២»។

ឯកឧត្តម បាន ថ្លែង បន្ថែមទៀតថា៖ «ថ្ងៃនេះ យើងប្រាព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡា កម្ពុជា ២០២៣ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយយើងជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងម៉ាឡេស៊ី នឹង បង្កើន សហប្រតិបត្តិការជាមួយគ្នា កាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និង ទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក»។

ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣គីឡូម៉ែត្រ ដោយ​មាន​អត្តពលិក​របស់ប្រទេស ម៉ាឡេស៊ី ចូលរួមរត់បណ្ដាក់គ្នាជាបន្តបន្ទាប់គ្នា ហើយពិធីនេះ បានដំណើរ ការទៅដោយរលូន និង រីករាយហើយ បានបញ្ចប់ដោយ ជោគជ័យ និងមានអត្ថន័យ យ៉ាង​ធំធេងទាំងសម្រាប់ប្រតិភូ កីឡា កម្ពុជា និង ម៉ាឡេស៊ី៕

Share.