កំពង់ចាម ៖ ក្រុមអ្នកញៀនល្បែងសុីសង ប្រមូលផ្តុំជុំគ្នាលួចលេងល្បែងសុីសង ភ្នាល់ ជល់មាន់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបចាប់ឃាត់ខ្លួនបាន៨នាក់ ដកហូតវត្ថុតាងបានមួយចំនួន ។

ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចដីទួលវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចស្នងការខេត្តសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ ចុះទៅបង្ក្រាបដល់ទីតាំងខាងលើ ដែលក្រុមអ្នកញៀនល្បែងកំពុងបញ្ជល់មាន់ ឃាត់ខ្លួនជាក់ស្តែងបានចំនួន៨នាក់ ម៉ូតូចំនួន៧គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

ក្រោយចាប់ឃាត់ខ្លួនបាន ក្រុមអ្នកញៀនល្បែង រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.