ស្ត្រីម្នាក់បាត់បង់ប្រាក់ គ្រឿងអលង្ការ ឯកសារផ្សេងៗ បន្ទាប់ពីក្រុមចោរបានឆក់យកកាបូបស្ពាយ គ្រាដែលកំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ផាន សេង ហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ  មុខរបរ ជាកម្មកររោងចក្រ     ស្នាក់នៅផ្ទះជួល ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល និងមានស្រុកកំណើត ភូមិពោធិតូច ឃុំក្តៀងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ 

នៅក្នុងដែលចោរឆក់នោះរួមមាន៖ខ្សែកប្លាទីន ទម្ងន់១តម្លឹង៣ជី ចិញ្ចៀនប្លាទីន ទម្ងន់២,៥ជី ប្រាក់ដុល្លា ១០០០ដុល្លារ លុយខ្មែរជាង៤០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក ហូវ៉ៃ ១គ្រឿង  កាតATMអត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅក្នុងគោលបំណងឆ្ពោះទៅស្រុកកំណើត ដោយជិះតាមមហាវិថីឈ្នះឈ្នះពីត្បូងទៅជើង ដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកនិច២គ្រឿង មួយគ្រឿងអត់ស្លាកលេខ និងមួយគ្រឿងទៀតមិនចាំស្លាកលេខ តាមពីក្រោយ មកធ្វើសកម្មភាពឆក់ទាញ កាត់ខ្សែយកកាបូបលុយទៅបាត់។ពេលនោះគាត់បាន ស្រែកផង ដេញតាមផង តែមិនទាន់ ។

ក្រោយកើតហេតជនរងគ្រោះបានជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

Share.