សិល្បៈជាតិ៖ ភាពយន្តបែបភ័យរន្ធត់ និងបង្កប់អត្ថន័យលើកស្ទួយជំរុញការអភិរក្សឧបករណ៍ភ្លេងបុរាណខ្មែរ ដែលមានចំណងជើងថា «ខ្សែចងក» បានប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ នេះ ដោយមានវត្តមានតារាសិល្បៈល្បីៗ និងមហាជនចាស់ក្មេងជាច្រើនកុះករ។

ភាពយន្តនេះដែរ ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម PDS ដែលជាផលិតកម្មថ្មីមួយទើបតែបង្កើតបានរយៈពេលមួយឆ្នាំ ដោយប្រមូលតារាសម្ដែងល្បីៗជាច្រើនដូចជា លោក ទេព រិនដារ៉ូ លោក លឹម ជាឡាយ កញ្ញា ស៊ុង ស៊ីធឿន នាយគ្រឿន និងតារាកិត្តិយសជាច្រើនរួមទៀតចូលរួមសម្ដែង។

តាមសម្ដីរបស់អ្នកនាង ជុន សុធា អគ្គនាយិកាផលិតកម្ម PDS បានប្រាប់ឱ្យដឹងថា ផលលំបាកនៃការថតភាពយន្តនេះ គឺត្រូវចំណាយពេលថតទាំងយប់ទាំងថ្ងៃ ដើម្បីផ្ដិតយកទិដ្ឋភាពពិតៗឱ្យត្រូវតាមស្គ្រីបសាច់រឿង។ ហើយភាពយន្តទាំងមូល បានសម្រិតសម្រាំងប្លង់ភ័យរន្ធត់ កំប្លែង រួមទាំងឈុតជាច្រើនទៀតប្រទាក់ក្រឡាគ្នាយ៉ាងជក់ចិត្តតែម្ដងពេញមួយផ្ទៃរឿង។ លោកស្រីបានបន្តថា បើទោះបីជាភាពយន្តដំបូងរបស់ផលិតកម្មក៏ពិតមែន ក៏ប៉ុន្តែផលិតកម្មបានចំណាយទុនច្រើនក្នុងការផលិតរហូតដល់ជិត ១០ ម៉ឺនដុល្លារ។

ចំណែកឯលោក លី រដ្ឋា ជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿងភាពយន្ត «ខ្សែចងក» បានរៀបរាប់ថា រឿងនេះលោកបានដកស្រង់ពីរឿងពិតដែលលោកបានជួបប្រទះ។ ដោយអតីតកាល លោកគឺជាអ្នកលេងភ្លេងបុរាណខ្មែរក្នុងវង់ភ្លេងពិណពាទ្យមួយក្រុមដែលប្រគំតាមវត្ត។ នាពេលនោះ លោកបានជួបរឿងចម្លែកៗជាច្រើន ដែលទាក់ទងនឹងវិញ្ញាណខ្មោច។ លោកបានលើកយកសាច់រឿងនេះមកផលិតជាភាពយន្ត និងជ្រើសរើសទីតាំងថតដែលជាប់នឹងចេតីយខ្មោចថែមទៀតផង។

សូមជម្រាបថា ភាពយន្ត «ខ្សែចងក» នេះនឹងប្រកាសលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី២៨ មេសា តទៅ៕

Share.