សិល្បៈជាតិ៖ បន្ទាប់ពីបើកបង្ហាញមុខបេក្ខនារីទាំង ២៥ នាក់ កម្មវិធី Miss Grand Cambodia 2023 កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងឡើង ខណៈដែលអ្នកនាង អឹម សុគន្ធា អគ្គនាយិកា និងជាម្ចាស់រៀបចំកម្មវិធីនេះផ្ទាល់ បានទម្លាយតម្លៃមកុដជំនាន់ថ្មីនេះក្នុងតម្លៃជាង ២៧ ម៉ឺនដុល្លារ។

យ៉ាងណាមិញ មកុដ Miss Grand Cambodia 2023 ត្រូវបានរចនាម៉ូដ និងឱ្យអត្ថន័យយ៉ាងដូច្នោះ៖

មកុដបានរំលេចនូវភាពច្នៃប្រឌិត ដោយផ្អែកលើ រចនាបទ្មបែបបុរាណខ្មែរ លាយឡំជាមួយម៉ូដបែបសហសម័យ បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលកាន់តែអស្ចារ្យមិនអាចកាត់ថ្លៃបាន តួមកុដទាំងមូលបានធ្វើឡើងពីមាស ទឹកប្រាំពីរ ដោយដាំនូវពេជ្រ និង ត្បូង ធម្មជាតិ រាប់ពាន់គ្រាប់ ហើយអត្ថន័យ នៃតួមកុដ មានដូចជា ៖

-ក្បាច់ខាងលើនៃតួមកុដ បានយកលំនាំតាម រចនាបទ្មខ្លោងទ្វារនៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌដ៏មហស្ចារ្យរបស់ពិភពលោកមិនអាចកាត់ថ្លៃបាន  តួធំកណ្តាលនៃមកុដយកលំនាំតាមសត្វនាគក្បាល៥តំណាងឱ្យ កំពូលភ្នំមេរុទាំង១០៩ និងតំណាងឱ្យទិសធំៗទាំង៥ (ទិសខាងលិច កើត ជើងត្បូង និងទិសកណ្តាល ឬព្រហ្មចារ្យ)។

-ហើយតួតូចសងខាងនៃមកុដ យកលំនាំតាមសត្វនាគក្បាល៣ ដែលតំណាងឱ្យលទ្ធិត្រីម៌ូតិ។

-គួបផ្សំ និងម៉ូតសងនៃតួមកុដនីមួយៗ បានបង្ហាញពីកួរស្រូវទុំដូចមាស ដែលជាផលិតផល កសិកម្មដ៏សម្បូរសប្បាយ ហូរហៀរ និងល្អផ្ដាច់គេរបស់ប្រជាជនខ្មែរ រួមជាមួយនឹងក្បាច់រចនាដែលដកស្រង់ចេញពីទម្រង់មកុដ តួរអង្គ របាំអប្សរាផងដែរ។

-គោលបំណងនៃការធ្វើមកុដនេះឡើងគឺ ដើម្បីបង្ហាញពី ជាតិ សាសនា សម្បត្តិវប្បធម៌ និង បេតិកភណ្ឌ ដែលមាននៅក្នុងប្រទេសកម្ពុជា និងសូមធ្វើការបួងសួងដល់ វត្ថុស័ក្តសិទ្ធ អោយនៅថែរក្សាការពារ នាំសេចក្តីសុខដល់កូនចៅកម្ពុជាអោយមានសេចក្តីសុខជានិរន្តរតរៀងទៅ។

សូមជម្រាប មកុដដ៏ប្រណិតរបស់ Miss Grand Cambodia 2023 គឺធ្វើឡើងយ៉ាងសម្រិតសម្រាំងដើម្បីអបអរខួប ១០ ឆ្នាំរបស់ស្ថាប័ន MGI ៕

Share.