កំពង់ធំ ៖ ជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាលួច ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន គ្រាដែលជនសង្ស័យយកទៅទូរស័ព្ទទៅលក់ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ហាងលក់ ជួសជុលទូរស័ព្ទជីញឡុង ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ អ៊ុល សំអូន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២ ឈ្មោះ ហ៊ន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម ក្រោយពីធ្វើការស្រាវជ្រាវ រហូតឈានដល់តាមឃាត់ខ្លួនបាន នៅពេលដែលជនសង្ស័យយកទូរស័ព្ទទៅលក់ រួចនាំខ្លួនទៅ ពិនិត្យឆែកឆេរដល់ចំណុចជនសង្ស័យលាក់សម្ភារៈទុក ដកហូតបានម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ព្រៃវែង1R-0012 ,ទូរស័ព្ទដៃចំនួន១៤គ្រឿង ,កុំព្យូទ័រចំនួន០២គ្រឿង ,អេក្រង់ទូរស័ព្ទចំនួន២០ ,កញ្ចក់បិទអេក្រង់ទូរស័ព្ទចំនួន២៦ ,ឧបករណ៍ចាក់សម្លេងចំនួន០៣គ្រឿង ,ខ្សែ.ក លោហៈធាតុ(កាឡៃ)០៣ខ្សែ ,បន្តោងលោហៈធាតុ(កាឡៃ)ចំនួន០៣បន្តោង ,ចិញ្ចៀនលោហៈធាតុ(កាឡៃ)ចំនួន០៣វង ,លុយខ្មែរចំនួន ២៣០,០០០រៀល ។

ក្រោយចាប់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅសាកសួរនៅការិយាល័យជំនាញអាវុធហត្ថ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.