កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤២ បានបើកជាផ្លូវការនៅទីក្រុង Labuan Bajo ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នាថ្ងៃពុធ នេះ ដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជំរុញឲ្យមានការរួបរួម និង សមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់ប្លុកក្នុងតំបន់ ដើម្បីដើរតួនាទី និង ពង្រឹងភាពនៅកណ្តាលរបស់អាស៊ានសម្រាប់សន្តិភាពក្នុងតំបន់ និង ការអភិវឌ្ឍន៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃ​ ពុធ ទី១០ ខែ ឧសភា ឆ្នាំ២០២៣។

ប្រធានអាស៊ានលើកទី៤២រូបនេះ កត់សម្គាល់ថា «ដោយមានការឯកភាព អាស៊ាននឹងក្លាយជាតួអង្គកណ្ដាលក្នុងការនាំមកនូវសន្ដិភាព និង ការអភិវឌ្ឍ»។

លោក Joko Widodo បន្ដថា «នៅពេលអនាគត អាស៊ានត្រូវតែពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ពង្រឹងកិច្ចសហប្រតិបត្តិការរួម រួមទាំងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង ពង្រឹងសន្ដិសុខស្បៀងអាហារ និង ថាមពល ថែមទាំងគិតគូពីបញ្ហាផ្សេងទៀតដូចជា បញ្ហានៅមីយ៉ាន់ម៉ា និង រក្សាស្ថិរភាពហិរញ្ញវត្ថុ»។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់សមាជិកភាពពេញលេញរបស់ប្រទេសទីម័រខាងកើតផងដែរ ដោយកាល​ពី​ខែ​វិច្ឆិកា​ កន្លង​ទៅ អាស៊ាន​បាន​យល់​ព្រម​ជា​គោលការណ៍​ទទួល​យក​ទីម័រខាងកើត​ជា​សមាជិក​ទី ១១ របស់​ខ្លួន។

ទន្ទឹមនោះ នាយករដ្ឋមន្រ្តី Timor-Leste លោក Taur Matan Ruak មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូល ក្នុងនាមជាអ្នកសង្កេតការណ៍ បានថ្លែងសុន្ទរកថាបន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានាធិបតី Widodo ដោយសង្កត់ធ្ងន់លើការទទួលស្គាល់គ្នាទៅវិញទៅមកនៃការរួមគ្នាក្នុងការកសាងសហគមន៍អាស៊ាន និង ពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាពអាស៊ាន។

នៅឆ្នាំ​នេះ កិច្ចប្រជុំ​កំពូល​អាស៊ាន​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បានលើកឡើងពី​ប្រធានបទ «បញ្ហា​អាស៊ាន៖ ចំណុចកណ្តាល​នៃ​កំណើនសេដ្ឋកិច្ច»។

ឥណ្ឌូណេស៊ី បានសម្តែងក្តីសង្ឃឹមថា ប្លុកនេះនឹងនៅតែជាមជ្ឈមណ្ឌលនៃកំណើនក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យអាស៊ានក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស រួមបញ្ចូល និងនិរន្តរភាពក្នុងរយៈពេលវែង។

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍នៅដើមខែមេសា ថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីដែលកំពុងអភិវឌ្ឍន៍នឹងកើនឡើង ៤.៨ភាគរយ នៅឆ្នាំនេះ និងនៅឆ្នាំ២០២៤ កើនឡើងពី ៤.២ភាគរយ ក្នុងឆ្នាំ២០២២ ដោយកត់សម្គាល់ថា កំណើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែធន់។

សម្រាប់កិច្ចប្រជុំកំពូលនេះ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំចក្ខុវិស័យដ៏ធំនៃអាស៊ានឆ្នាំ២០៤៥ ក៏ដូចជា ដំណើរការពិភាក្សាលើសេចក្តីព្រាង សេចក្តីប្រកាសមេដឹកនាំអាស៊ាន ដើម្បីពង្រឹងសមត្ថភាព និង ប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស Teuku Faizasyah កាលពីថ្ងៃចន្ទសប្តាហ៍មុន។

សូមជម្រាបថា អាស៊ាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៧ មាន​ក្រុម​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម៕

ប្រភព៖ Xinhua

Share.