សិល្បៈ​អន្តរជាតិ៖ មហាសេដ្ឋិនី​​​ Anne Jakraitatip មេស្ថាប័ន​ Miss Universe Organization ចេញ​​មុខសុំ​ទោស​ចំពោះ​​នាង​ Catriona Gray Miss Universe ហ្វីលីពីន ឆ្នាំ២០១៨ ប៉ុន្តែ​លោក​ស្រី​បដិសេធ​មិន​ឆ្លើយត​ប​ពី​​មូលហេតុ​។

នៅ​ក្នុង​កម្មវិធី​ «Fast Talk With Boy Abunda» ពិធីករ​បាន​សួរ​លោក​ស្រី​ Anne ​តើ​មាន​រឿងរ៉ាវ​អ្វី​កើត​ឡើង​ ព្រោះ​ពេល​នោះ​គេ​ឃើញ​មហាសេដ្ឋិនី​កែភេទ​ និង​អតីត​ម្ចាស់​មកុដ​បាន​និយាយ​ជាមួយ​គ្នា​​នៅ​ខាង​ក្រោយ​ឆាក​។

ពិធីករ​បាន​លើក​ឡើង​ថា​ «​នៅ​លើ​ឆាក​នោះ​គេ​មើល​ឃើញ​លោក​ស្រី​និង​ Catriona Gray កាន់​ដៃ​គ្នា​ហើយ​ ជជែក​គ្នា​ អ្នក​ទាំង​ពីរនិយាយ​រក​គ្នា​ សំនួរ​ដែល​ខ្ញុំ​សួរ​លោក​ស្រី​នៅ​ថ្ងៃ​​នេះ​គឺ តើ​ថ្ងៃ​នោះ​លោក​ស្រី​និយាយ​គ្នា​ពី​រឿង​អី​ដែរ?»

«ខ្ញុំ​គោរព​ចំពោះនាង​ខ្លាំង​ណាស់​ ហើយ​នេះ​គឺជា​លើក​ទីមួយ​ដែល​យើង​បាន​ជួប​មុខ​គ្នា​ ខ្ញុំ​និយាយ​នេះ​គឺជា​ការ​ពិត​ ខ្ញុំ​និយាយ​រក​នាង​ដោយ​ទឹក​ចិត្ត​ស្មោះ​ ខ្ញុំ​ Anne Jakrajutatip ខ្ញុំ​មក​ទីនេះ​ ដើម្បី​​និយាយ​ពាក្យ​សុំ​ទោស​​ចំពោះ​អ្វី​ដែល​បាន​កើត​​ឡើង​នៅ​អតីត​កាល​។ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​អ្នក​មក​ប្រទេស​ថៃ​ ស្វាគមន៍​ចូលរួម​ជា​គ្រួសារ​ JKN និង​​ស្ថាប័ន Miss Universe Organization។ ខ្ញុំ​ស្រលាញ់​នាង​អស់​ពី​បេះដូង​។» 

ថ្វី​ត្បិត​តែ​និយាយ​ពីរឿង​នេះ​ប៉ុន្តែ​ លោក​ស្រី មិន​ចង់​និយាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ស្រី​សុំ​ទោស​ចំពោះ​ម្ចាស់​មកុដ​ឆ្នាំ​២០១៨​នោះ​ឡើយ​។ លោក​ស្រី​គ្រាន់​តែ​ពោល​យ៉ាង​ខ្លី​ថា​ «មែនហើយ! ខ្ញុំ​មិន​ចាំ​បាច់​ត្រូវឆ្លើយ​នោះ​ទេ​»។

លោក​ស្រី​គ្រាន់​តែ​បន្ថែម​ថា​៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ដក​រឿង​នេះ​ចេញ​ពី​ទ្រូង។ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​។ ចាប់​ពី​ពេល​នេះ​តទៅ​ពួក​យើង​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ ដូច្នេះ​យើង​យក​រឿង​ចាស់​ៗ​ចេញ​ឱ្យ​អស់ ​ហើយ​​ឈប់​និយាយ​ពីរឿង​នោះ​ ឈប់​រំលឹក​ពីវា​ទៀត​»

មាន​ដំណឹង​ចចាមអារ៉ាម​ចេញមក​​ថា​ អតីត​មិត្ត​ប្រុស​របស់​ Catriona ឈ្មោះ​ Clint Bondad គឺជា​គូស្នេហ៍​របស់​ Anne។ Catriona និង​ Clint បាន​ប្រកាស​បែកគ្នា​ជា​សាធារណៈ​កាល​ពី​ខែ​កុម្ភៈ​​ ឆ្នាំ​២០១៩ ខណៈ​ដែល​មាន​ដំណឹង​លេចឮ​ថា​ Anne និង Clint ចាប់​ផ្ដើម​ទាក់ទង​គ្នា​នៅ​ខែ​តុលា ឆ្នាំ​២០១៩​៕

ប្រភព៖ philstar

Share.