ស្ទឹងត្រែង ៖ ក្មេងស្រី២នាក់បងប្អូន ខណៈដែលរស់នៅក្នុងជីវភាពគ្រួសារក្រីក្រ ទៅរាវខ្ចៅជាមួយឪពុកម្តាយនៅទន្លេ ជាអកុសលធ្លាក់ចូលកន្លែងទឹកគួច បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអធ័ម ម្តាយស្រែកទ្រហោយំស្ទើរគាំងបេះដូង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅទន្លេមេគង្គ ភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រួសារខាងលើ រស់នៅក្នុងជីវភាពក្រីក្រ តោយ៉ាក ដើររាវរកខ្ចៅ លៀស ទៅលក់គ្រាន់បានប្រាក់កម្រៃទិញអង្កហូប ។

ប្រភពបន្តទៀតថា នៅរសៀលថ្ងៃនេះ ក្មេងស្រីរងគ្រោះ២នាក់បងប្អូន បានទៅរាវខ្ចៅនៅទន្លេជាមួយម្តាយ ជាអកុសល ក្មេងទាំង២នាក់រអិលជើងធ្លាក់ពីថ្ម ចូលកន្លែងទឹកគួច បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់បងប្អូន ។

សពក្មេងស្រីទាំង២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយស្រង់ឡើងគោក ម្តាយស្រែកទ្រហោយំស្ទើគាំងបេះដូង ហើយក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ដោយសារជីវភាពក្រីក្រ ក៏បានយកសពកូនស្រីធ្វើធ្វើបុណ្យនៅវត្តថាឡាបរីវ៉ាត់ ទៅតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.