យោងតាមការឲ្យដឹងពីពិធីករភេទទី៣ Moddam បានថ្លែងនៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​ថា​ខណៈ​នេះ​ស្ថាបនិក​ Miss Grand លោក​ Nawat Itsaragrisil ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ ត្រូវ​បាន​គ្រូ​ពេទ្យ​បញ្ជូន​ចូល​ ICU ដោយស​ារ​តែ​មេរោគ​វាយ​លុក​ចូល​ក្នុងសួត ​៥០​ភាគរយហើយ​។

កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​កក្កដា ម្សិលមិញ​នេះ​ សារព័ត៌មាន​ថៃ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពាក់ព័ន្ធ​នឹង​លោក Nawat អ្នក​គ្រប់គ្រង​​និង​ជា​ស្ថាបនិក​ការ​ប្រកួត​បវរកញ្ញា​ Miss Grand International ថា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ រហូត​ដល់​ថ្នាក់​ប្រើ​អុក​ស៊ីសសែន​ជួយ​ដង្ហើម​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​អ្នក​សង្ស័យ​ឆ្ងល់​ថា​តើ​លោក​ ឆ្លង​ពី​ Kohtee Aramboy តារា​កំប្លែងល្បី​ពី​ភាពយន្ត​ខ្មោច​ត្រឡោកបែក (ឆ្លង​កូវីដ​ ទាំង​ដែល​បាន​ចាក់ Astrazeneca ដូស​ទីមួយ​រួចរាល់​ហើយ) ឬ​ ក៏​ឆ្លង​ពី​វេទិកា​ប្រកួត​បវរកញ្ញា​។

មាន​ដំណឹង​ចចាមអារាម​លេច​ឮ​ថា​ នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​ Miss Grand សាមុត​សាខន​ នៅ​ Milin Theather RCA មិន​បាន​ប្រើ​ប្រាស់​ម៉ាស់​ រហូត​ចុង​ក្រោយ​រក​ឃើញ​ថា​មាន​បវរកញ្ញា​ និង​អ្នក​រៀបចំ​បាន​ឆ្លង​កូវីដ​ជាង​២០​នាក់ ខណៈ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាង​១០០​នាក់​ទៀត​។

​ថ្មីៗ​នេះ​ ពិធីករ Kachapa Toncharoen បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​ខ្លួន​ជា​ពិធីករ​ថា​ លោក​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​លោក​ Nawat ដើម្បី​សាកសួរ​និង​ចង់​ឱ្យ​លើ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​​ដែល​ថា​មាន​អ្នក​ចូលរួម​ប្រកួត​វេទិកា​ Miss Grand សាមុតសាខន ចំនួន​១៣​ នាក់​ហើយ​ និង​អ្នក​រៀបចំ​កម្មវិធី​៩នាក់​ទៀត ​​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ តែ​បាន​ទទួល​ចម្លើយ​មក​វិញ​ថា​ពេល​នេះ​ អាការៈ​របស់​ស្ថាបនិក​វេទិកា​ស្រី​ស្អាត​រូប​នេះ​កំពុង​ធ្ងន់​ធ្ងន់​ ហើយ​ត្រូវ​បាន​បញ្ជូន​ចូល​បន្ទប់​ ICU រួចរាល់​ហើយ​ ដោយសារ​តែ​សាច់​សួត​៥០​ ភាគ​រយ​ត្រូវ​បាន​មេរោគ​កូវីដ​-១៩ វាយលុក​ ការដកដង្ហើម​នៅ​ប្រក្រតី​ ប៉ុន្តែ​នៅ​ទាប​ជាង​​ការ​រំពឺង​ទុក​។​

លោក Nawat Itsaragrisil គឺជា​ស្ថាបនិក​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​ប្រកួត​ Miss Grand International ដែល​អនុញ្ញា​តឱ្យ​ប្រទេស​នានា​​ដែល​ទិញ​សិទ្ធិ​បញ្ញា​របស់​លោក​ អាចរៀបចំ​ការ​ប្រកួត​នៅ​តាម​ប្រទេស​រៀង​ខ្លួន​ បន្ទាប់​មក​ស្វែង​រក​បេក្ខនារី​ចំណាត់​ថ្នាក់​លេខ​១ ដើម្បី​​បញ្ជូន​​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​៕

Telegram-Troryorng
Share.