ភ្នំពេញ ៖ ម៉ូតូឃ្លីកមួយគ្រឿង ខណៈដែលម្ចាស់ចតទុកមុខផ្ទះមួយភ្លែត ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់ សោ ក ជិះគេចទៅបាត់ដោយសុវត្តិភាព ម្ចាស់បានត្រឹមរត់ដេញស្រែកតាមក្រោយ តែពុំបានលទ្ធផល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-3143 ម្ចាស់រងគ្រោះឈ្មោះ សូត្រ ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន នៅវិទ្យាល័យទួលប្រាសាទ មានទីលំនៅកន្លែងកើតហេតុ ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចតដាក់ម៉ូតូមុខផ្ទះ រវល់តែនៅក្នុងផ្ទះតែមួយភ្លែត ស្រាប់តែឮសម្លេងម៉ូតូបញ្ឆេះ រត់ចេញមកមើល ឃើញជនសង្ស័យគ្នា៤នាក់ជិះម៉ូតូ៣គ្រឿង ហើយម្នាក់ជិះម៉ូតូម៉ាកឃ្លីកគេចចេញ ស្រែកឆោឡោ ដេញតាមពីក្រោយ តែមិនទាន់ ។ក្រោយកើតហេតុជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.