ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់កុមារចំនួន ១៩នាក់ បានស្លាប់នៅក្នុងគ្រោះអគ្គីភ័យ នៅទីក្រុងរុករករ៉ែ Mahdia កណ្ដាល ប្រទេសហ្គីយ៉ាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ អង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

អគ្គីភ័យបានឆាបឆេះនៅពាក់កណ្ដាលអធ្រាត្រថ្ងៃ ច័ន្ទ ដោយបានឆាបឆេះអន្តេវាសិកដ្ឋាននៃអនុវិទ្យាល័យមួយកន្លែង និង បណ្ដាលឲ្យសិស្សជាប់នៅខាងក្នុងនោះ។

រដ្ឋាភិបាលបាននិយាយថា សេវាសង្រ្គោះបន្ទាន់កំពុងតស៊ូជួយបាញ់ពន្លត់ភ្លើង ព្រោះលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់។

យោងការស៊ើបអង្កេតបឋមបង្ហាញថា ការឆាបឆេះនេះប្រហែលជាត្រូវបានចាប់ផ្ដើមដោយមានអ្នកលួចដុតដោយចេតនា ប៉ុន្ដែប៉ូលីសបាននិយាយថា ពួកគេមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់នោះទេ។

របាយការណ៍នៅព្រឹកថ្ងៃ អង្គារ បានកត់ត្រាចំនួនអ្នកស្លាប់ថាអាចមានអ្នកស្លាប់ច្រើនជាងនេះ ដោយមនុស្សយ៉ាងហោចណាស់ ២០នាក់បានបាត់បង់ជីវិត ខណៈអ្នកស្លាប់ដំបូងត្រូវបានគេរកឃើញថាស្លាប់ក្មេងៗ ១៩នាក់នៅកន្លែងអន្តេវាសិកដ្ឋាននោះ។

ទន្ទឹមនោះ មានមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយខ្លះទៀតកំពុងត្រៀមជម្លៀសទៅកាន់រដ្ឋធានី Georgetown ដែលជាមជ្ឈមណ្ឌលពិសេសមួយដែលត្រូវបានបង្កើតឡើង។

យ៉ាងណាម៉ិញ ប្រធានាធិបតីនៃប្រទេស ហ្គីយ៉ាន លោក Irfaan Ali បាននិយាយថា «នេះជាគ្រោះមហន្ដរាយដ៏ធំមួយ។ វាជារឿងដ៏អាក្រក់ វាពិតជាឈឺចាប់ណាស់»។ លោក Ali បន្ដថា «ក្រុមគ្រូពេទ្យដែលប្រចាំការនៅអាកាសយានដ្ឋាននៃរដ្ឋធានី Georgetown នឹងត្រូវត្រៀម ដើម្បីឲ្យកុមារគ្រប់រូបទទួលបានការមើលថែ និងទទួលបានការយកចិត្តទុកដាក់»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្គីយ៉ាន លោក Robeson Benn ស្ថិតនៅកន្លែងកើតហេតុនៃគ្រោះមហន្តរាយ ហើយនាយករដ្ឋមន្ត្រី និង មន្ត្រីរដ្ឋាភិបាលផ្សេងទៀតកំពុងធ្វើដំណើរទៅទីនោះ។

សូមជម្រាបថា ប្រទេសហ្គីយ៉ាន គឺស្ថិតនៅចន្លោះប្រទេស វ៉េណេស៊ុយអេឡា និង សូរីណាម នៅលើឆ្នេរសមុទ្រភាគខាងជើងនៃតំបន់អាមេរិកខាងត្បូង៕

ប្រភព៖ BBC

Share.