សមាគមកីឡាបាល់ទាត់ថៃ ช้างศึก បានចេញសេចក្តីប្រកាសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជុំវិញករណីប៉ះទង្គិចគ្នារវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិ។

បើ​តាម​គណៈកម្មាធិការ​ស៊ើបអង្កេត​ក្រមសីលធម៌បានប្រកាសថា៖
-ព្យួរការងារគ្រូបង្វឹកអ្នកចាំទីលោក Prasadchok Chokmoh លោក Mayed Matadam និងលោក Patrawut Wongsripuek បុគ្គលិកផ្នែកគ្រប់គ្រងក្រុម រយៈពេល ១ឆ្នាំ។
-អ្នកចាំទី Soponwit Rakyart កីឡាករបម្រុង Teerapak Pruengna ពាក់អាវលេខ ១៨ ត្រូវពិន័យព្យួរពីបាល់ទាត់គ្រប់កម្មវិធីប្រកួតទាំងអស់រយៈពេល ៦ខែ។

រូបភាព៖ Main Stand

គួរដឹងថាការ​ប្រកួត​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​បញ្ចប់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់​ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស និង​មាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​។

ជ័យជម្នះនេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕

Share.