ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែប្រយុទ្ធស្លាបវ័យក្មេង Bukayo Saka រយ:ពេល៤ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៧។

Bukayo Saka បច្ចុប្បន្នមានវ័យ២១ឆ្នាំ ជនជាតិអង់គ្លេស ត្រូវបានអ្នកគាំទ្រ Arsenal ជាច្រើនកោតសរសើរអំពីទម្រង់លេងរបស់គេសម្រាប់ ២-៣ រដូវកាលចុងក្រោយ ជាពិសេសនៅរដូវកាល ២០២២-២៣ ពោលគឺជួយឲ្យ Arsenal ឈរលេខរៀងទី២ នៅក្របខណ្ឌ Premier League។

ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែល Saka ត្រូវបានដំឡើងមកកាន់ឈុតធំ Arsenal រូបគេបង្ហាញខ្លួនសរុប ១៣៤ប្រកួត ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ ក្រោមការដឹកនាំរបស់លោក Mikel Arteta។

Bukayo Saka ថ្លែងក្រោយចុះកុងត្រាថ្មីជាមួយ Arsenal៖«ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំគិតថានេះគឺជាក្លិបដ៏ត្រឹមត្រូវ កន្លែងត្រឹមត្រូវសម្រាប់ជំហានបន្ទាប់របស់ខ្ញុម។ វាជាក្លិបដ៏ស្រស់ស្អាត, ជាការសម្រេចបាននូវមហិច្ឆតាផ្ទាល់ខ្លួនរបស់ខ្ញុំ។

«ខ្ញុំគិតថា ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ ដើម្បីក្លាយជាកីឡាករល្អបំផុតដែលខ្ញុំអាចធ្វើបាន ហើយនោះហើយជាមូលហេតុដែលខ្ញុំរីករាយក្នុងការស្នាក់នៅទីនេះ សម្រាប់ពេលអនាគត ព្រោះខ្ញុំពិតជាជឿថាយើងអាចសម្រេចបាននូវរឿងធំ»។

ក្លិបបាល់ទាត់មេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និងជាការឈ្នះ៣រដូវកាលជាប់ៗគ្នា បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យក្រោមថ្វីជើងរបស់ Nottingham Forest ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន City Ground, Nottingham សប្តាហ៍ទី៣៧។

បច្ចុប្បន្ន Man City របស់លោក Pep Guardiola ស្ថិតនៅកំពូលតារាងជាមួយ ៨៨ពិន្ទុ ពីការប្រកួតតែ ៣៦ប្រកួតប៉ុណ្ណោះ ឈ្នះ២៨ ស្មើ៤ និងចាញ់៤ ខណ: Arsenal របស់លោក Mikel Arteta ឈរលេខរៀងទី២ ដោយមាន ៨១ពិន្ទុ ពីការលេង ៣៧ប្រកួត ឈ្នះ២៥ ស្មើ៦ និងចាញ់៦៕

Share.