ប៉ូលិសបាននិយាយថា រថយន្តក្រុងដឹកអ្នកធម្មយាត្រាហិណ្ឌូ ទៅកាន់ទីសក្ការៈបូជាក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា បានរអិលចេញពីស្ពានផ្លូវហាយវេ ចូលទៅក្នុងជ្រលងភ្នំហិមាល័យកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងរបួស ៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃ ពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ប៉ូលីសបាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរទៅកាន់ទីប្រជុំជន Katra ពីរដ្ឋភាគខាងជើងនៃទីក្រុង Amritsar នៃរដ្ឋ Punjab នៅពេលដែលវាបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំក្បែរទីក្រុង Jammu។

មន្ត្រីប៉ូលិសក្នុងតំបន់ បានប្រាប់អ្នកយកព័ត៌មានថា រថយន្តក្រុងនេះផ្ទុកលើសទម្ងន់ ហើយអ្នកស្លាប់ គឺមកពីរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា។

ប្រជាពលរដ្ឋ​ និង​ សមត្ថកិច្ច​បាន​ប្រញាប់ប្រញាល់​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ ដោយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទីសក្ការៈបូជារបស់ Vaishno Devi នៅ Katra ត្រូវបានគោរពយ៉ាងខ្លាំងដោយអ្នកកាន់សាសនាហិណ្ឌូ ហើយមនុស្សរាប់រយពាន់នាក់មកទស្សនាវាជារៀងរាល់ឆ្នាំ។

សូមជម្រាបថា ប្រទេសឥណ្ឌា ជាប្រទេសដែលមានអត្រាមរណៈភាពតាមដងផ្លូវខ្ពស់បំផុតនៅលើពិភពលោក ដែលមានមនុស្សរាប់សែននាក់បានស្លាប់ និង រងរបួសជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់​ភាគច្រើន​ត្រូវ​បាន​ស្តីបន្ទោស​ទៅ​លើ​ការ​បើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន ការ​ថែទាំ​ផ្លូវ​មិន​ល្អ និង​ ប្រើប្រាស់យានជំនិះ​ចាស់ៗ៕

ប្រភព៖ AP News

Share.