ភ្នំពេញ ៖ ម៉ូតូកង់បីដឹកអុីវ៉ាន់មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នវ៉ាជែងជ្រុលទៅបុកម៉ូតូធូដេពីក្រោយ ផ្លោងខ្ទាតផ្ទប់នឹងម៉ូតូកង់បីមួយគ្រឿងទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ជិះម៉ូតូធូដេ រងរបួសបោកក្បាលធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ដាំ សាឡាត់ អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ រងរបួសក្បាលធ្ងន់ធ្ងរ សន្លប់ឈឹងនៅកន្លែង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KE-8455 ដឹកអុីវ៉ាន់ កេសភេសជ្ជៈ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជិតដល់ផ្លូវបត់ចូលផ្ទះទៅហើយ ស្រាប់តែម៉ូតូកង់បីដឹកអុីវ៉ាន់មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-3049 បើកពីត្បូងទៅជើង វ៉ាជែងជ្រុល ទៅបុកពីក្រោយម៉ូតូធូដេ ផ្លោងខ្ទាតទៅផ្ទប់នឹង ម៉ូតូកង់បីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-6756 ក្នុងដំណើរស្របទិសគ្នាទាំងអស់ បណ្តាលឲ្យស្ត្រីខាងម៉ូតូធូដេ បោករងរបួសធ្ងន់ធ្ងរ សន្លប់ឈឹងនៅកន្លែង ។

ជនរងគ្រោះក្នុងសភាពរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូកង់បី២គ្រឿង និងម៉ូតូធូដេមួយគ្រឿង ប្រគល់ឲ្យសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីទាំងអស់ដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.