សិល្បៈជាតិ៖ ក្រោយមានការពិនិត្យពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ស្នើសុំឱ្យតារាចម្រៀង មាស សុខសោភា លុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ » និង សុំអ្នកលេងបណ្តាញសង្គម កុំបន្តចែកចាយ នាពេលនេះកំពូលតារាចម្រៀងស្រីរូបនេះបានចេញសារទទួលស្គាល់កំហុស និងប្រកាសលុបវីដេអូចម្រៀងនេះចេញពីគ្រប់បណ្ដាញសង្គមទាំងស្រុងហើយ។

កំពូលតារាចម្រៀងស្រី មាស សុខសោភា បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាងដូច្នោះ៖

នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃ​បទ​ចម្រៀង ​«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និង​ឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។

មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុក​ផេក​ និង​ឆាណែល​យូធូប​របស់នាងខ្ញុំជាស្ថាពរហើយ។ នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិត​បទចម្រៀង​ដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះ​តែ​សេចក្តី​សុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា។

សម្ដីអ្នកនាង មាស សុខសោភា

សូមជម្រាបផងដែរថា បទ «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ត្រូវបានម្ចាស់ដើមនៃបទប្រកាសលុបចោលទាំងស្រុហើយ ក្នុងករណីដែលមានគណនីបណ្ដាញសង្គម និងឆាណែលផ្សេងយកទៅបង្ហោះដោយបំពាន នោះនឹងត្រូវប្រឈមមុខជាផ្លូវច្បាប់៕

Share.