សិល្បៈ​ជាតិ៖ កំពូល​អ្នក​ច្នៃម៉ូដ​​ និង​គ្រូ​ដើរម៉ូដ​​ដ៏​ល្បី​ឈ្មោះ​ អូលីវ៉ា គង់​ ទើប​តែ​បញ្ចប់​កម្មវិធី​ Fashion Show ដ៏​ធំ​របស់​ខ្លួន​ ប្រកប​ដោយ​ជោគជ័យ​កាល​ពីពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ភារកិច្ច​លើក​ស្ទួយ​វិស័យ​ដើរ​ម៉ូដ​និង​ច្នៃ​ម៉ូដរបស់​លោក​មិន​ទាន់​បញ្ចប់​នៅ​ឡើយទេ​ ព្រោះ​​​បុរស​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ Fashion ​រូប​នេះ​​កំពុង​តែត្រៀម​ខ្លួន ដើម្បី​​ចេញ​ទៅ​បង្ហាញ​ស្នាដៃ​​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ជាបន្ត​បន្ទាប់​ទៀត​។

​អ្នក​គាំទ្រ​វិស័យ​បង្ហាញ​ម៉ូដ​ ដើរ​ម៉ូដ ​និង​ច្នៃ​ម៉ូដ​ នៅ​មិន​ទាន់​ភ្លេចនៅ​ឡើយ​ពី​ភាព​អស្ចារ្យ​នៃ​កម្មវិធី​​​ដើរ​​​បង្ហាញ​​ម៉ូដ​បែប​សហសម័យ​​ផ្សារភ្ជាប់​ជាមួយ​នឹង​វប្បធម៌ អរិយធម៌​ខ្មែរ​ជាង​១០០​ឈុត ​របស់​លោក​ អូលីវ៉ា គង់​ ដោយ​​សិល្បករ​រៀម​ច្បង​ជា​ច្រើន​ដួង​ និង​​ហ្វេនៗ​ ​​បាន​កោត​សរសើរ​យ៉ាង​ស្មោះ​​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​របស់​​លោក​។

យ៉ាង​ណា​មិញ​ជាមួយ​នឹង​ស្នាដៃ​ដ៏​លេច​ធ្លោ​របស់​លោក​ ពិត​ណាស់​មិន​ត្រឹម​តែ​ធ្វើឱ្យ​កក្រើក​នៅ​ក្នុង​ស្រុក​ខ្មែរ​នោះ​ឡើយ​ ព្រោះ​លោក​ អូលីវ៉ា គង់​ កំពុង​តែ​ត្រៀម​ខ្លួន​នាំ​យក​នូវ​សិល្បៈ វប្បធម៌ និង​អរិយធម៌​ ក្រោម​ទឹក​ដៃ​ច្នៃ​ប្រឌិត​របស់​ខ្លួន​ទៅ​បង្ហាញ​នៅ​​​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត។​

​ក្នុង​នោះ​ប្រទេស​ ២​ដែល​សាមី​ខ្លួន​បាន​បញ្ជាក់​យ៉ា​ង​ច្បាស់​ពី​កាលបរិច្ឆេទ​ទៅ​ចូលរួម​ គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ​ក្នុង​កម្មវិធី​ International Junior Fashion Week នៅ​សារមន្ទីរ​​ក្រុង​ហាណូយ​ លោក​នឹង​នាំ ​Collection ចំនួន​ ២០​ឈុត​ ជាមួយ​​នឹង​ Concept ម៉ាក់​-កូន​ដើរ​ជា​គូ​នឹង​គ្នា​។ សម្រាប់​ Collection ទាំង​២០ឈុត​នេះ​ដែរ​ ​លោក​​អូលីវ៉ា ​​បាន​ទម្លាយ​ថា​លោក​បាន​ស្នើ​ទៅ​អ្នក​រៀប​ចំ​កម្មវិធី​យក​ម៉ូដែល​ខ្មែរ​១០​រូប​និង​វៀតណាម​១០​រូប​។

ចំណែក​ឯ​​នៅ​​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​វិញ​​ក្នុង​កម្មវិធី​ Milan Fashion Week លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​លោក​ត្រៀម​ឈុត​ចំនួន​១៦ ចំណែក​កាល​បរិច្ឆេទ​នៃ​កម្មវិធី​ គឺ​​នឹង​ដើរ​បង្ហាញ​​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ ចំពោះ​កម្មវិធី​ Miland Fashion Week គេ​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដោយ​ ១​ឆ្នាំ ធ្វើ​ឡើង​ពីរ​ដង​​ដោយ​លើក​ទី​មួយ​ធ្វើ​ឡើង​រវាង​ខែ​ មករា-កុម្ភៈ និង​លើក​ទីពីរ​រវាង​ខែ​ កញ្ញា​-តុលា​។ ​

កម្មវិធី​ដ៏​ធំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ Designer ល្បីៗ​មក​ពី​​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​ច្រើន​ទៀត​ដូច​ជា​ ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​កម្ពុជា​ជាដើម​។

ការ​សម្រេច​បាន​នូវ​សមិទ្ធិផល​ដ៏​ធំធេង​នេះ គឺជា​សក្ខី​ភាព​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កូន​ខ្មែរ​មាន​សមត្ថភាព​មិន​ចាញ់​បរទេស​នោះ​ឡើយ​ សំខាន់​​ប្រសិន​បើ​មាន​កំហុស​ឆ្គង​ណា​មួយ​កើត​ឡើងនោះ​​ យើង​គួរ​តែ​ត្រូវ​បាន​ណែនាំ​និង​កែ​តម្រូវ​ ​ហើយ​​លុប​បំបាត់​វប្បធម៌​ ​បន្ទោស​បង្អាប់​ ជាន់​ពន្លិច​ តែ​គួរ​​​លើក​ទឹក​ចិត្ត​ ​លើក​សរសើរ​ចំពោះ​អ្នក​ដែល​ខិតខំ​កសាង​ប្រយោជន៍​រួម​ដើម្បី​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​៕

Share.