បើ​និយាយ​ដល់​តួ​ឯក​ស្រី​កូរ៉េ​ប្រាកដ​ណាស់​ Song Hye Kyo ឬ​ ទស្សនិកជន​ខ្មែរ​និយម​ហៅ​ថា​ ហាន់ ជីអ៊ុន​ ប្រាកដ​ជា​ស្ថិត​​នៅ​លំដាប់​ជួរ​មុខ​ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ​ក្ដី​ តែ​នារី​ដែល​មាន​សមត្ថភាព​សម្ដែង​ឆ្នើម​រូប​នេះ​នៅ​តែ​មាន​រូប​សម្រស់​ស្អាត​ និង​ក្មេង​ដដែល​។ និយាយ​ដល់​រូប​សម្បត្តិ​មិន​អាច​​មិន​និយាយ​ពី​ស្នាដៃ​សម្ដែង​រឿង​ល្បី​ៗ​ជា​ច្រើន​របស់​ Song Hye Kyo បាន​ឡើយ​ ព្រោះ​សុទ្ធសឹង​ជា​រឿង​ល្បី​កម្រិត​អន្តរជាតិ​ ដូច​ជា​ «Autumn in my heart និទាឃរដូវ​ក្នុង​បេះដូង​» «Full House បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» «That winter the wind blow» «World Winthin» «Descendants of the Sun ម្ចាស់​ព្រះអាទិត្យ» និង​​រឿង​ «Encounter» ។ល។

ប្រាកដ​ណាស់​និយាយ​ពី​ការ​ងារ​ Song Hye Kyo សម្ដែង​រឿង​ណា​រឿង​នោះ​ប្រាកដ​ជា​ល្បី​និង​មាន​ការ​ពេញ​និយម​គ្រប់​រឿង​ ប៉ុន្តែ​សម្រាប់​ស្នេហា​វិញ​ស្រីស្អាត​រូប​នេះ​ហាក់​អភ័ព្វ​ ព្រោះ​មិន​ថា​ជួប​ស្នេហា​​ជាមួយ​នឹង​បុរស​រូប​ណា​រមែង​តែ​​បែក​បាក់​គ្នា​នៅ​ទីបំផុត​។

ថ្ងៃ​នេះ​ត្រយង​សូម​រំលឹក​ប្រវត្តិស្នេហ៍​របស់​ Song Hye Kyo ជាមួយ​នឹង​បុរស​សង្ហា​ ៣​រូប​ដែល​ជា​​តួ​ឯក​ប្រុស​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ​ ប៉ុន្តែ​ស្នេហា​នេះ​នៅ​សល់​ត្រឹម​ការ​ចងចាំ​មួយ​សម្រាប់​អ្នក​គាំទ្រ​ប៉ុណ្ណោះ​។

១. Lee Byung Hun

ចាប់​ផ្ដើម​ដំបូង​ដោយ​តារា​សម្ដែង​ A-List លោក Lee Byung Hun តារា​សម្ដែង​ដែល​ធ្លាប់​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ កាល​ពី​ឆ្នាំ​២០០៣ Song Hye Kyo និង Lee Byung Hun បាន​សម្ដែង​ជា​តួឯក​ប្រុស​ស្រី​​ក្នុង​រឿង​ «All In» ដែល​ក្រោយ​ៗ​មក​ទំនាក់ទំនង​អ្នក​ទាំងពីរ​បាន​ក្លាយ​ជា​ស្នេហា​ តាម​រយៈ​ការ​ចេញ​ទៅ​ប្រូម៉ូត​​រឿង​នេះ​នៅ​កោះ​តៃវ៉ាន់​ ដោយ​អ្នក​ទាំងគូ​បាន​ប្ដូរ​ចិញ្ចៀន​បញ្ចាំចិត្ត​ (ព័ត៌មាន​ខ្លះ​ថា​ជា​ចិញ្ចៀន​ភ្ជាប់​ពាក្យ​) ថែម​ទាំង​សាមី​ខ្លួន​ខាង​ប្រុស​ថែម​ទាំង​ប្រកាស​ទៀត​ថា​ចង់​រៀបការជាមួយ​នឹង​ Son Hye Kyo ឱ្យ​លឿន​ជា​ទីបំផុត​​បើ​រៀបចំ​ការ​ងារ​បាន​ស្រួលបួល​ អ្នក​ទាំងពីរ​ទទួល​ការងារ​ថត​ពាណិជ្ជកម្មរួម​គ្នា​ មាន​រូបភាព​គ្រួសារ​ទៅ​ដើរ​កម្សាន្ត​ជុំ​គ្នា​ អាច​និយាយ​បាន​ថា​ជា​ពេល​វេលា​ផ្អែមល្ហែម​ជា​ទី​បំផុត​ តែ​ចុង​ក្រោយ​ក្នុង​ពេលវេលា​បន្ត​មក​ទៀត​ អ្នក​ទាំងពីរ​ក៏​បាន​បែក​គ្នា​ ដោយ​ហេតុផល​ ម្នាក់ៗ​មិនម​ាន​ពេល​វេលា​ផ្ដល់​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​។

២. Hyun Bin

បន្ទាប់​ពី​បែក​បាក់​គ្នា​ជាមួយ​នឹង​ Lee Byung Hyun តារា​សម្ដែង​រូប​នេះ​បាន​រក្សា​ទុក​បេះដូង​ឱ្យ​នៅ​ទំនេរ​ស្អាត រហូត​មាន​ព័ត៌មាន​លេច​ឮ​ថា​តារា​រូប​នេះ​រាងចាល​នឹង​រឿង​ស្នេហា​ លុះ​ដល់​ឆ្នាំ​២០០៨​ Song Hye Kyo បាន​រួម​សម្ដែង​ជាមួយ​នឹង​ Hyun Bin ក្នុង​រឿង​ភាគ​ «Worlds Within» ស្រាប់​តែ​ស្នេហា​បាន​កើត​ម្ដង​ទៀត​ក្នុង​បេះដូង​របស់​ Song Hye Kyo ព្រោះ​ក្រោយ​ថត​រឿង​នេះ​ចប់​មិន​យូរ​ អ្នក​ទាំងពីរ​ក៏​បានចាប់​ផ្ដើម​ទាក់ទង​គ្នា​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១១ ទំនាក់ទំនង​បាន​បញ្ចប់​ ហើយ​រឿង​នេះ​បាន​លាតត្រដាង​ត្រឹម​តែ១​ថ្ងៃ​មុន​ Hyun Bin ចូល​បំរើ​កាតព្វកិច្ច​យោធា​ ដោយ​មូលហេតុ​ព្រោះ​តែ​តារា​ការងារ​ដ៏​មមាញឹក​ទាំង​ថត​ភាពយន្ត​ ទាំងថតរឿង​ភាគ​ ទើប​មិន​សូវ​បាន​ជួប​គ្នា​ធ្វើ​ឱ្យ​សម្រេច​ចិត្ត​បញ្ចប់​គ្នា​ត្រឹម​នេះ​តែ​ម្ដង​។

៣. Song Joong Ki

បើ​សង្កេត​ឃើញថា​តារា​ស្រី​ល្បី​ឈ្មោះ​របស់​កូរ៉េ​ ដូច​ជា​រាងចាល​នឹង​ស្នេហា​ផ្ដើម​ឡើង​ក្នុង​ពេល​ថត​រឿង​ហើយ​ ព្រោះ​ទោះ​ជា​ Song Hye Kyo នៅ​សម្ដែង​រឿង​ដូច​មុន​ ប៉ុន្តែ​មិនមាន​ព័ត៌មាន​ស្នេហា​ក្នុង​ពេល​សម្ដែង​លេច​ឮ​ទៀត​នោះ​ទេ​ រហូត​ដល់​ឆ្នាំ​២០១៦ ពេល​បាន​រួម​សម្ដែង​ក្នុង​រឿង​ «Descendants of the Sun ម្ចាស់​ព្រះ​អាទិត្យ​» ជាមួយ​នឹង​តារា​សម្ដែង​អាយុ​ប្អូន​ Song Joong Ki បាន​ធ្វើ​ឱ្យ​កំណើត​ស្នេហ៍​ក្នុង​ពេល​ថត​ ចាប់​ផ្ដើម​លេច​ចេញ​ជា​រូប​រាង​ម្ដង​ទៀត​។ យោង​តាម​បណ្ដាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា​ មុន​នឹង​ប្រកាស​សេពគប់​គ្នា​ Song Hye Kyo មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ​ដែល​ខ្លួន​មាន​ស្នេហា​ជាមួយ​នឹង​បុរស​ក្នុង​រង្វង់​សិល្បៈ​ តែ​ភាគី​ខាង​ប្រុស​ម្ចាស់​រហស្សនាម​ «ស្វាមីតំណាងជាតិ» មិន​បាន​បោះបង់​ចោល​ការ​ព្យាយាម​ក្នុង​ការ​សាង​សម្ព័ន្ធភាព​ រហូត​ទី​បំផុត​ Song Hye Kyo ក៏​ព្រម​បើក​ចិត្ត​ តែ​គួរ​ឱ្យ​ស្ដាយ​ ព្រោះ​គូស្នេហា​ដែល​អ្នក​គាំទ្រ​​​រឿង «​ម្ចាស់​ព្រះ​អាទិត្យ​» ចូលរួម​អបអរសាទរ​​ទាំង​ជាតិ​ និង អន្តរជាតិ​​ ដោយ​អ្នក​ទាំងពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​៣១ ខែ​ តុលា ឆ្នាំ ២០១៧ តែ​ស្ថិត​ក្នុង​ជិវិត​គូ​បាន​ត្រឹម​ ២០​ ខែ​ អ្នក​ទាំង​ពីរ​បាន​ប្រកាស​លែងលះ​គ្នា​​នៅ​​ថ្ងៃ​ទី ២៩ ខែមិថុនា​ ឆ្នាំ​២០១៩​៕

បច្ចុប្បន្ន​ Song Hye Kyo មាន​វ័យ​៤០ ឆ្នាំ​ ថ្មី​ៗ​នេះ​តារា​ស្រី​ដ៏​ឆ្នើម​របស់​កូរ៉េ​ខាង​ត្បូង​រូប​នេះ​កំពុង​ថត​រឿង​ភាគ​ថ្មី​ «Now We are breaking Up» ជាមួយ​នឹង​តួឯក​ប្រុស​វ័យ​ក្មេង​ Jang Ki Young ៕

Telegram-Troryorng
Share.