សៀមរាប ៖ ក្មេងប្រុសម្នាក់បានស្លាប់ និងមនុស្ស៤នាក់ទៀតរងរបួស ចំណែកសត្វគោចំនួន៤ក្បាលបានងាប់ ក្នុងហេតុការណ៍គ្រោះធម្មជាតិ ភ្លៀងខ្យល់ រន្ទះបាញ់ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងស្រុកពួក ខេត្តសៀមរាប ។

តាមអាជ្ញាធរបានឲ្យដឹងថា ខណៈដែលមានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងផ្គររន្ទះបាញ់ ក្នុងស្រុកពួក ខេត្តសៀមរាប បង្កគ្រោះថ្នាក់ដល់មនុស្សនិងសត្វ ចំនួន៣ទីតាំងផ្សេងគ្នា ៖ករណីទី១ រន្ទះបាញ់នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យរងរបួស៤នាក់រងរបួស និងស្លាប់ ១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែ ។


ហើយជនរងគ្រោះទាំង៥នាក់ ទី១ ឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ (ស្លាប់) ។ ទី២ ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ (របួស)។ ទី៣ ឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ៣៣ឆ្នាំ (របួស)។ទី៤ ឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ (របួស)។ ទី៥ ឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ១៩ឆ្នាំ (របួស) ។ ជនរងគ្រោះទាំង៥នាក់ រស់នៅ ក្នុងភូមិកើតហេតុ ខាងលើ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះ ព្យាបាលនៅមណ្ឌលសុខភាពសសរស្ដម្ភ ២នាក់ , នៅមន្ទីរពេទ្យបង្អែកស្រុកពួក ១នាក់ និងនាក់របួសស្រាល ឆ្អើរភ្លើងនៅផ្ទះ ។

-ករណីទី២ រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែទំនប់៧៨ ស្ថិតក្នុង ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោចំនួន៣ក្បាល ញី ២ក្បាលឈ្មោល ១ក្បាល ដែលចងនៅវាលស្រែ ម្ចាស់សត្វគោ ឈ្មោះ ជា អាត់ ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ហូ ហ៊ាម ភេទស្រី អាយុ៦៥ឆ្នាំ ។

-ករណីទី៣ រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុង ភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោញី១ក្បាល របស់ឈ្មោះ ធិក ថា ភេទប្រុស អាយុ៦១ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.