ត្បូងឃ្មុំ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ក្រោមអធិបតីភាពឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត នៅបរិវេណសាលាបឋមសិក្សាអង្គជ័យ ស្ថិតនៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ លោក នី សុធី បានឲ្យដឹងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងស្របទៅនឹងខួបលើកទី៣១ សម្រាប់ប្រទេសកម្ពុជា ជាមួយគោលបំណងក្នុងការបង្កើនការយល់ដឹង ដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារនិងអភិវឌ្ឍមេត្រីបរិស្ថាន ។


ជាមួយគ្នានោះដែរ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំបានថ្លែងថា ប្រធានបទឆ្នាំនេះ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារទៅកាន់ពិភពលោក ពីការស្តារប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានរំខាន និងដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោរស្ថានកម្ម និងជីវៈចម្រុះ។ ដូចនេះហើយបានជាព្រះរាជាណាចក្រកម្ពុជានិយាយជារួម  និយាយដោយឡែក ខេត្តត្បូងឃ្មុំ ដែលមានមន្ទីរបរិស្ថានខេត្ត ជាសេនាធិការឲ្យក្រសួងបរិស្ថាន បាននឹងកំពុងបំពេញបេសកម្ម ដឹកនាំ និងគ្រប់គ្រងការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ និងមុខងារប្រព័ន្ធអេកូឡូស៊ីជាច្រើនកន្លែងផងដែរ ។

ឯកឧត្តម បានគូសបញ្ជាក់ដែលថា ជាមួយនឹងសកម្មភាពនេះ មន្ទីរបរិស្ថានខេត្ត ជាមួយរដ្ឋបាលខេត្ត សូមលើកទឹកចិត្តដល់មន្ទីរអង្គភាពជុំវិញខេត្ត សូមបន្តនាំយកការផ្សព្វផ្សាយចំណេះដឹង ពីការថែរក្សាបរិស្ថានជូនដល់អង្គភាព ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ អោយបានយល់ដឹងគ្រប់ៗគ្នាបន្ថែមទៀត ។


ក្រោយបញ្ជប់កម្មវិធី ក៏មានការឆ្លើយសំនួរស្ដីពីការយល់ដឹងពីបរិស្ថាន ដើម្បីយករង្វាន់ដបទឹកបរិស្ថាន ជូនដល់សិស្សានុសិស្សសិក្សានៅក្នុងសាលាបឋមសិក្សាអង្គរជ័យ និងប្រគល់ធុងសម្រាមដល់សាលា ព្រមទាំងធ្វើការផ្តល់ជូន និងដាំកូនឈើដើមក្ងោកក្នុងបរិវេណសាលាផងដែរ៕

អត្ថបទ៖ សាន វីឡែម

Share.