ព្រះសីហនុ៖
ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងករណីបាញ់រះជាច្រើនគ្រាប់ទៅលើរថយន្តមួយគ្រឿងនៅតាមផ្លូវ កាលពីយប់ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០នាទីយប់ នៅម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

តាមស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់ ។

ភ្លាមៗ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យទីតាំងកើតហេតុ ហើយប្រតមូលបានសំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ និងបាននាំជនរងគ្រោះ ដែលនៅក្នុងរថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។


ក្រោយការសាកសួរនឹងស្រាវជ្រាវ​​ រហូតដល់វេលាម៉ោង 00 និង ៥0នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឆ្នាំដដែលទើបសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាន ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភេទប្រុស និងដកហូតអាវុធខ្លី ១ដើម ម៉ាក K59 មានលេខសម្គាល់ A7007, បង់១ មាន ៣គ្រាប់, ស្រោមអាវុធខ្លី១ , ទូរស័ព្ទ ២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ នឹងចាត់ការផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ​

Share.