រកលកនៃការបញ្ចេញមតិអំពីករណីផ្លូវមួយខ្សែប្រវែងប្រហែល៣គីឡូម៉ែត្រ ហៅជាទូទៅថា «ផ្លូវសំពោង» ដែលភ្ជាប់ភូមិសាស្រ្តឃុំថ្មគរ និងឃុំទឹកឃ្លាំង ទៅកាន់ឃុំព្រែករៃ នៃស្រុកល្វាឯម ខេត្តកណ្ដាល ហើយឆ្ពោះទៅកាន់ស្រុកពោធិ៍រៀង នៃខេត្តព្រៃវែង បានបោកបក់ជាថ្មីម្ដងទៀត នារដូវស្សាឆ្នាំ២០២៣នេះ។ បោកបក់ជាថ្មីទៀត ក៏ដោយសារតែផ្លូវដែលមានភូមិសាស្រ្តកាត់បឹង និងព្រៃរនាមមួយខ្សែនេះ បន្តមានស្ថានរអិលខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់នាដើមរដូវស្សាឆ្នាំ២០២៣។

ពលរដ្ឋម្នាក់ដែលអះអាងថាខ្លួនរស់នៅស្រុកល្វាឯម ខេត្តកណ្ដាល បានរាយការណ៍ករណីនេះទៅកាន់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានភ្ជាប់រូបភាព និងខ្លឹមសារបង្ហាញអំពីស្ថានភាពលំបាកនៃផ្លូវមួយខ្សែនេះ ហើយទទូចសុំឯកឧត្តមរដ្ឋមន្រ្តីជួយផ្សព្វផ្សាយបន្តដើម្បីឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ។ ដូចករណីផ្សេងៗទៀតដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហោះខ្លឹមសារនោះទាំងស្រុងភ្ជាប់ដោយរូបភាព។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ចំពោះករណីនេះ និងក៏អរគុណចំពោះមតិយោបល់ពលរដ្ឋជុំវិញករណីផ្លូវសំពោងនេះដែរ។ ថ្លែងប្រាប់សារព័ត៌មានត្រយង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកអភិបាលស្រុក បានអះអាងថាពេលនេះ ស្ថានភាពផ្លូវសំពោងត្រូវបានកែលម្អតាមសំណូមពលរដ្ឋ ខណៈការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះក៏កំពុងដំណើរការ។

លោក កន សុកាយ បានទទួលស្គាល់ពីការលំបាកខ្លះរបស់ពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវសំពោងនារដូវប្រាំង និងរដូវស្សា ប៉ុន្តែលោកក៏បញ្ជាក់ដែរថានៅរៀងរាល់ពេលផ្លូវនោះជួបស្ថានភាពលំបាក រដ្ឋបាលស្រុកក៏បានដាក់គ្រឿងចក្រជួយសម្រួលជូនពរលដ្ឋរៀងរាល់ឆ្នាំដែរ។ លោកអះអាងថាពលរដ្ឋអាចអាក់អន់ស្រពន់ចិត្តខ្លះនឹងផ្លូវមួយខ្សែនេះមែន ប៉ុន្តែពួកគាត់ក៏បានដឹងពីគម្រោងស្ថាននាផ្លូវនេះភ្ជាប់នឹងផ្លូវមេធំៗ ព្រមទាំងបានដឹងអំពីការស្ថានាផ្លូវបេតុង និងកៅស៊ូបានជាច្រើនខ្សែក្នុងមូលដ្ឋានស្រុកល្វាឯមដែរ។

នៅថ្ងៃនេះដែរ រដ្ឋបាលស្រុកល្វាឯម ក៏បានបង្ហោះរូបភាពពាក់ព័ន្ធនឹងសកម្មភាពលោក អភិបាលស្រុក និងផ្លូវសំពោង ក្នុងន័យដើមថា«…ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៣​ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពី លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុកល្វាឯម​ ផ្លូវមួយខ្សែតភ្ជាប់ពីឃុំថ្មគរ​ ឃុំទឹកឃ្លាំង​ និងឃុំព្រែករៃ​ (ផ្លូវសំពោង)​ បានធ្វើការឈូសឆាយបានស្អាតរួចរាល់ហើយ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពងាយស្រួល និងត្រៀមក្រាលផ្លូវកៅស៊ូនាពេលខាងមុខ»។

សូមបញ្ជាក់ថាសម្រាប់ពលរដ្ឋតំបន់នោះ ផ្លួវសំពោង មានស្ថានភាពលំបាកច្រើនឆ្នាំ ជាពិសេសនៅរៀងរាល់រដូវស្សាដែលមានភាពរអិលបែកភក់ និងរដូវប្រាំងមានសភាពហុយបែកផ្សែង។ យ៉ាងណាក៏ដោយ មានបណ្ដាញផ្លូវមេធំៗជាច្រើនខ្សែត្រូវបានរដ្ឋបាលស្រុក ខេត្ត និងរាជរដ្ឋាភិបាល ស្ថាបនាភ្ជាប់មកផ្លូវសំពោងនេះជាបន្តបន្ទាប់ ខណៈគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាប់ព័ន្ធផ្លូវនេះដែរ។ ពលរដ្ឋខ្លះរិះគន់ករណីផ្លូវសំពោងនេះមែន ប៉ុន្តែពលរដ្ឋខ្លះក៏អះអាងដែរថាឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃអនុស្សាវរីយ៍ផ្លូវសំពោងដែរ៕

Share.