សិល្បៈ​ជាតិ​៖ ទិវា​លោក​ឪពុក​កាន់​តែ​ខិត​ជិត​មក​ដល់​ ជា​ សុជាតិ​ ​តារា​ចម្រៀង​ពី​ក្រុម «ក្មេង​ខ្មែរ»​ បាន​បញ្ចេញ​បទ​ចម្រៀង​ចាក់​ដោត​អារម្មណ៍​កូនៗ​​ដែលកំព្រា​មេបា​​ «ឱកាស​ទី​២» រហូត​ធ្វើ​ឱ្យ​អ្នក​​មាន​សាច់​រឿង​ស្រដៀង​គ្នា​​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​។

សូម​អាន៖ អាណិតណាស់! ជា សុជាតិ​ (ក្មេងខ្មែរ​) កំព្រា​ឪពុក​ហើយ​ពេល​នេះ​បាត់​បង់​អ្នក​ម្ដាយ​ថែម​ទៀត​…

«​មិន​ទាន់​ទាំង​បាន​សង​គុណ​ពុក​ផង​ ​ពុក​លាចាក​លោក​.​.​.​» នេះ​គឺ​ឃ្លា​ខ្លី​ដែល​ដក​ស្រង់​ចេញ​ពី​បទ​ «ឱកាស​ទី២​» របស់​​តារា​ចម្រៀង​ ជា សុជាតិ។ បទ​នេះ​​បាន​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​ហើយ​នៅ​ App Pleng កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២៣ ម្សិលមិញ​។

​បន្ទាប់​ពី​​បទ​ចម្រៀង​ដ៏ពីរោះ​ និង​ មាន​អត្ថន័យ​រៀបរាប់​ពី​ការ​ឈឺចាប់​របស់​កូន​ម្នាក់​ដែល​មិនមាន​ឱកាស​បាន​សងគុណ​ចំពោះ​​​អ្នក​មាន​គុណ​ ហើយ​ចង់​សុំ​ឱ្យ​មាន​ឱកាស​ទីពីរ​បាន​​​​សង​គុណ​ ​បាន​មើល​ថែទាំ ​បាន​តប​ស្នង​រាល់​​ការ​លះបង់​របស់អ្នក​មាន​គុណ​មក​លើ​ខ្លួន​ ​បាន​បញ្ចេញឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​​​ភ្លាម ​សន្ទុះ​គាំទ្រ​​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។

​បទ​ចម្រៀង​​​ថ្មី​​អបអរ​ទិវា​លោក​ឪពុក​នា​ពេល​ខាង​មុខ​​របស់​ ជា​ សុជាតិ​ ​ត្រូវ​បាន​អ្នក​គាំទ្រ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ពេញ​ចិត្ត​​ខ្លាំង​ទាំង​ការ​ប្រើប្រាស់​​ភាសា​ក្នុង​​បទ​ចម្រៀង​ និង​​ការ​ប្រើ​ប្រាស់​សំឡេង​ច្រៀង​ដែល​ស្ដែង​ចេញ​ពី​អារម្មណ៍​សោកសៅ សោកស្ដាយ និង​​​ដង្ហើយ​​អង្វរ​​​សុំ​​ឱកាស​ទី២ របស់​ ជា សុជាតិ​ នៅ​ក្នុង​បទ​ចម្រៀង​ថ្មីនេះ​។

មែនទែន​ទៅ​ សុជាតិ មិន​ត្រឹម​តែ​កំព្រា​ឪពុក​នោះ​ឡើយ​ ព្រោះ​បើ​គេ​ចាំ​មិន​ភ្លេច​នោះ​ទេ​កាល​ពី​អំឡុង​ឆ្នាំ​២០២២​ ​នា​ពាក់​កណ្ដាល​ឆ្នាំ​ លោក​​​បាន​ប្រកាស​ដំណឹង​មរណ​ទុក្ខ​​បាន​បាត់​បង់​ អ្នក​ម្ដាយ ​ដោយ​សារ​តែ​​ជំងឺ​។

សូម​ជំរាប​ជូន​ថា​​នៅ​ឆ្នាំ​២០២៣ នេះ​ ទិវា​លោក​ឪពុក​​អន្តរជាតិ​ គឺ​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​​ទី​១៨ ខែ​មិថុនា ខាង​មុខ​នេះ​ ពោល​គឺ​នៅ​សល់​ត្រឹម​តែ​ ៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​៕


Share.