ប៉ូលីសវៀតណាម បានចាប់ខ្លួនសមាជិកក្រុមក្មេងទំនើងចំនួន ១០នាក់បន្ថែមទៀត ដែលនៅពីក្រោយការវាយប្រហារដោយប្រដាប់អាវុធលើប៉ុស្តិ៍ប៉ូលីសចំនួន២ក្នុងខេត្ត Dak Lak ភាគកណ្តាលនៃប្រទេសវៀតណាម ជាប់នឹងប្រទេសកម្ពុជា ដោយបាននាំឲ្យចំនួនជនសង្ស័យសរុបដែលជាប់ពាក់ព័ន្ធក្នុងការវាយឆ្មក់កើនឡើងរហូតដល់ ២៦នាក់ គិតត្រឹមម៉ោង ១១:៣០ព្រឹក ថ្ងៃច័ន្ទសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាយប់ថ្ងៃ ច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ លោក To An Xo បានប្រាប់កាសែត Tuoi Tre ថា អាវុធជាច្រើនរួមទាំងកាំភ្លើងវែងក៏ត្រូវបានរឹបអូសផងដែរ។ ក្រុមក្មេងទំនើងប្រដាប់អាវុធមួយក្រុម បានវាយប្រហារទីស្នាក់ការប៉ូលិសចំនួន២ នៃឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបណ្តាលឲ្យមន្ត្រីប៉ូលិស ៤នាក់ស្លាប់ រួមទាំងបណ្ដាលឲ្យមន្ត្រី និងអ្នកស្រុកផ្សេងទៀតរងរបួស។

ទន្ទឹមនោះ ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ដាកឡាក់ និង ​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ប្រមាញ់​ក្រុម​ក្មេង​ទំនើង​ទាំងនេះ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុក Cu Kuin និង តំបន់ជិតខាង រក្សាភាពស្ងប់ស្ងាត់ និង អនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ក្រសួង​បាន​ជំរុញ​អ្នក​ដែល​ស្គាល់​ក្រុម​ក្មេង​ទំនើង ឬ​មាន​ព័ត៌មាន​អំពី​ក្រុម​ក្មេង​ទំនើង​ទាក់ទង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​បំផុត។

គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃដដែល មន្ត្រីប៉ូលីសបានចាប់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ដែលរស់នៅក្នុងទីក្រុង Ayun Pa ក្នុងខេត្ត Gia Lai និង នៅទីក្រុង Krong Buk និងទីក្រុង Cu Mgar ក្នុងខេត្ត Dak Lak ។

កាលពីយប់ថ្ងៃអាទិត្យ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ១០នាក់បន្ថែមទៀត ដែលចំនួនអ្នកចូលរួមក្នុងការវាយប្រហារដោយប្រដាប់អាវុធកើនឡើងដល់ទៅ ១៦នាក់នៅពេលនោះ ខណៈដែលអ្នកស្រុក ២នាក់ ដែលជាប់ជាចំណាប់ខ្មាំងត្រូវបានប៉ូលីសជួយសង្គ្រោះបាន។

យ៉ាងណាម៉ិញ ក្រោយមកស្ថានការណ៍ហាក់មានភាពធូរស្រាលនៅក្នុងឃុំទាំង២ ហើយប្រជាពលរដ្ឋដែលរស់នៅទីនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពតាមធម្មតាឡើងវិញផងដែរ៕

ប្រភព៖ VN Express

Share.