ប្រទេស​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​​​ត្រៀម​បញ្ជូន​អត្តពលិក​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ Asian Games 2022 លើក​ទៅ​ធ្វើ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នៅ​​ទីក្រុង Hangzhou របស់​ប្រទេស​ចិន ដែល​មាន​៤០​ប្រភេទ​កីឡា។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​​រៀបចំ​ការ​ប្រកួត លើក​ឡើង​ថា​សមាជិក​នៃ​គណៈកម្មាធិការ​​កីឡា​អូឡាំពិក​​ប្រចាំ​ទ្វីប​អាស៊ី​ទាំង​៤៥​ប្រទេស​បាន​ចុះ​ឈ្មោះ​ចូលរួម​ទាំង​អស់ បូក​បញ្ជូល​ទាំង​ប្រទេស​កូរ៉េខាងជើង ផង​​ដែរ។

សម្រាប់​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​ហត្ថពលិក គ្រូ​បង្វឹក និង​ប្រតិភូ ប្រមាណ​២០០នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី នេះ​បើ​ទោះ​ជា​រដ្ឋបាល​ក្រុង​​ព្យុងយ៉ាង នៅ​បន្ត​រិតត្បិត​វិធានការ​​ជំងឺ​កូវីដ-១៩ ក្តី។ ៣ឆ្នាំ​មក​ហើយ​ដែល​កូរ៉េខាងជើង មិន​បញ្ជូន​​អត្តពលិក​គ្រប់​ប្រភេទ​កីឡា​​របស់​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដែល​​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​បង្ការ​ជំងឺ​ឆ្លង​កូវីដ-១៩។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ កូរ៉េខាងជើង​បាន​​បញ្ជូន​អត្តពលិក​ការ៉ាត់តេដូ របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​​អន្តរជាតិ​ជា​​លើក​ដំបូង ក្នុង​ការ​ប្រកួត​​ជើង​ឯក​ការ៉ាត់តេដូ​អាស៊ី​បូព៌ា នៅ​ទីក្រុង Taizhou ខេត្ត Zhejiang ក្នុង​ប្រទេស​ចិន ផង​ដែរ។ ​

លោក Zhou Jinqiang រដ្ឋមន្ត្រី​ក្រសួង​កីឡា​របស់​ប្រទេស​ចិន បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​ប៉េកាំង ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​ដែល​លើក​ពេល​អស់​រយៈពេល​៣ឆ្នាំ​មក​នេះ ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ថា៖«នេះ​ជា​កម្មវិធី​ប្រកួត​ដ៏​ធំ និង​ស្តង់ដារ​អន្តរជាតិ​ខ្ពស់​មួយ ដែល​រៀបចំ​នៅ​ប្រទេស​ចិន ក្រោយ​មហាសន្និបាត​របស់​បក្ស​ដែល​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០២២ កន្លង​ទៅ»។

ប្រភព​បន្ត​ថា​គ្រប់​កីឡដ្ឋាន និង​ទីលាន​ប្រកួត​សុទ្ធ​តែ​ត្រៀម​ខ្លួន​រួចរាល់​ ដើម្បី​ស្វាគមន៍​​បណ្តា​​អត្តពលិក​មក​ពី​គ្រប់​ច្រកល្ហក​ក្នុង​ទ្វីប​អាស៊ី ទៅ​កាន់​ទីក្រុង Hangzhou ស្រប​ពេល​ដែល​ចិន ត្រៀម​អត្តពលិក​​ប្រមាណ​​៩០០នាក់​ ដើម្បី​ចូលរួម​ប្រជែង​មេដាយ។

មេដាយ​មាស​​ចំនួន​៤៨២​គ្រឿង​ ក្នុង​ចំណោម​៤០​ប្រភេទ​កីឡា​នឹង​ប្រគល់​ជូន​អត្តពលិក​ជ័យលាភី​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games នៅ​ Hangzhou ឆ្នាំ​នេះ។ ការប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ ខាង​មុខ។

កីឡា​អាស៊ី Asian Games រៀបចំ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥១ នៅ​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា ដោយ​បង្កើត​ឡើង​រាល់​៤​ឆ្នាំ​ម្តង ខណៈ​​ជាង​៧០​ឆ្នាំ​មក​នេះ​​​អត្តពលិក​របស់​កូរ៉េខាងជើង ធ្លាប់​ដណ្តើម​បាន​មេដាយ​​រហូត​​ដល់​៤៣៣​គ្រឿង ក្នុង​នោះ​មេដាយ​មាស​១១០ គ្រឿង មេដាយ​ប្រាក់ ១៤៤គ្រឿង និង​មេដាយ​សំរឹទ្ធិ​១៧៩គ្រឿង៕

Share.