សិល្បៈ​ជាតិ​៖​ ថ្មីៗ​នេះ​មាន​ការប្រកាសជាហូរហែ​ពីការ​ផលិត​រឿង​ប្រភេទ​ BL និង GL ដាក់បញ្ចាំងនៅលើ​កញ្ចក់​ទូរទស្សន៍​ និងរោង​ភាពយន្ត​។ តើរឿងប្រភេទ​ត្រូវបានក្រសួងអនុញ្ញាត​ឱ្យផលិត​ហើយ​ ឬយ៉ាងណា​?

ងាក​មក​ដឹង​បន្តិច​ថា ​តើ​ប្រភេទ​ភាពយន្ត​ BL​ និង​ GL ​គឺ​ជា​ភាពយន្ត​អ្វី​?​ សម្រាប់​ភាពយន្ត​បែប​ BL​ គឺ​ត្រូវ​បាន​គេ​សំដៅ​ទៅ​ដល់​ភាពយន្ត​បែប​រ៉ូមែនទិក​ ស្នេហា ​ការ​តស៊ូ​ក្នុង​ជីវិត​ ដំណើរ​ជីវិត​បែប​ស្នេហា​ភេទ​ដូច​គ្នា​រវាង​ បុរស ​និង​បុរស​។​ មហាជន​ជា​ប្រិយ​មិត្ត​មួយ​ចំនួន​ធ្លាប់​បាន​ទស្សនា​ប្រភេទ​រឿង​នេះ​តាម​រយៈ​ការ​ផលិត​របស់​ប្រទេស​នានា​ដូច​ជា​ ថៃ​ ហ្វីលីពីន​ ចិន​ អាមេរិក​ និង​ថ្មី​ៗ​ឈាន​ដល់​ប្រទេស​កូរ៉េ​។​ ចំណែក​ឯ​វណ្ណកម្ម​ BL​ នៅក្នុង​ស្រុក​កន្លង​មក​នេះ​ គេ​ឃើញ​មាន​ការ​ផលិត​ដូច​ជា​រឿង​ «សួស្ដី​អ្នក​ជិត​ខាង​» រឿង​ខ្លី​ «ព្រោះ​គេ​គ្មាន​បេះដូង​» និង​រឿង​មួយ​ចំនួន​ទៀត​ដែល​មាន​បញ្ចាំង​ក្នុង​ App​ មិន​បង្ហាញ​ជា​សាធារណៈ​ឡើយ​។​

ចំពោះ​ភាពយន្ត​ GL​ វិញ​ក៏​មិន​ខុស​គ្នា​នោះ​ដែរ​ ប៉ុន្តែ​ជា​ដំណើរ​រឿង​ជីវិត​និង​ស្នេហា​រវាង​ស្រី​និង​ស្រី​។​ កន្លង​មក​គេ​ធ្លាប់​ឃើញ​ស្នាដៃ​របស់​លោក​ស្រី​ ពាន់​ ភួង​បុប្ផា​ ធ្លាប់​បាន​ផលិត​ដូច​ជា​រឿង​ «ខ្ញុំ​ជា​អ្នកណា​» និង​រឿង​ «រស​ជាតិ​អ្នក​មាន​»​។ ដំណើរ​រឿង​នីមួយ​ៗ​ សុទ្ធ​តែ​បង្ហាញ​ពី​​ហេតុ​និង​ផល​ មិន​ខុស​អី​ពី​ស្នេហា​មនុស្ស​ប្រុស​និង​ស្រី​ទូទៅ​ឡើយ​។​

តើ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​អនុញ្ញាត​ឱ្យ​ភាពយន្ត​បែប​នេះ​មាន​ផលិត​ ឬ​បញ្ចាំង​ក្នុង​ស្រុក​ហើយ​ឬ​យ៉ាង​ណា​ នៅ​ពេល​ដែល​ពី​មុន​មាន​ការ​រឹត​បន្តឹង​ខ្លាំង​?​ សម្រាប់​បញ្ហា​នេះ​ លោក​ ប៉ុក​ បូរក្ស​ ប្រធាន​នាយកដ្ឋាន​សិល្ប:​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​ បាន​ឆ្លើយ​ថា​ «ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ដ្បិត​មិនមែន​ជា​ការ​លើក​ទឹក​ចិត្ត​ នៅក្នុង​សង្គម​ក៏​ប៉ុន្តែ​យើង​ក៏​មាន​ច្បាប់​ណា​ហាមឃាត់​ដែរ​ អ៊ីចឹង​ជា​ទូទៅ​ផលិតករ​ដែល​ស្នើសុំ​ផលិត​សម្រាប់​ការ​ដាក់​បញ្ចាំង​តាម​រោងភាពយន្ត​ក្ដី​ឬ​ក៏​ តាម​ App​ មួយ​ចំនួន​ដែល​មាន​នៅក្នុង​ប្រទេស​យើង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ មាន​ន័យ​ថា​គឺ​យើង​តែងតែ​ផ្ដល់​នូវ​មតិ​យោបល់​ជូន​ពួក​គាត់​ ព្រោះ​យើង​អត់​ចង់​លើក​ទឹក​ចិត្ត​ទេ​ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ គឺ​ការ​មិន​លើក​ទឹក​ចិត្ត​ក៏​មិនមែន​មាន​ន័យ​ថា​ ហាមឃាត់​ដែរ​ ព្រោះ​វា​អត់​មាន​ច្បាប់​ណា​ដែល​ចង្អុល​ហាមឃាត់​លើ​បញ្ហា​ហ្នឹង​ អ៊ីចឹង​ហើយ​បាន​ជា​យើង​មាន​ការ​អនុញ្ញាត​ឲ្យ​ផលិត​ដែល​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​កន្លង​មក​»។​

លោក ប៉ុក​ បូរក្ស

យ៉ាងណាមិញ កន្លងមកគេឃើញ​មាន​ការ​បញ្ចាំង​រឿង​បែប​នេះ​ក្នុង​រោងភាយន្ត និងមាន​ខ្លះ​ដាក់​ទស្សនា​តែ​ក្នុង​ App​ តើ​រឿង​ទាំង​នេះ​បាន​ឆ្លង​កាត់ការត្រួពិនិត្យពីក្រសួងដែរឬទេ? សំនួរនេះលោក ប៉ុក​ បូរក្ស​ លើកឡើងថា «ជា​ទូទៅ​ការ​ផលិត​កុន​ដាក់​នៅ​ក្នុង​រោង​ គឺ​យើង​បាន​កំណត់​អាយុ​អ្នក​ទស្សនា​ អាយុ​អ្នក​ទស្សនា​ដោយ​ការ​ធ្វើ​ Rating​ បើ​រូបភាព​ដែល​វា​ប៉ះពាល់​ខ្លាំង​ យើង​កម្រិត​អ្នក​មើល​ទៅ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​អីចឹង​ គឺ​យើង​មាន​ Rating​ ដែល​ជា​គោលការណ៍​កំណត់​របស់​ក្រសួង​។ បើ​រឿង​ប៉ះពាល់​តិចតួច​យើង​កំណត់​ត្រឹម​ ១៥​ ឆ្នាំ​ ឬ​ក៏​មិន​ប៉ះពាល់​ទេ ​យើង​ឱ្យ​ទស្សនា​ទូទៅ​។ អីចឹង​ ! នេះ​ក៏​ជា​ការ​ការពារ​មួយ​សម្រាប់​ដល់​ផល​ប៉ះពាល់​ដល់​កុមារ​របស់​យើង​ដែរ​»។​

លោកបន្តថា «ការ​ផលិត​ដាក់​តាម​ App​ ពី​មុន​ជា​របៀប​រឿង​ខ្លី​អី​គឺ​គាត់​ធ្វើ​អត់​បាន​ឆ្លង​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​តម្រូវ​ឲ្យ​គាត់​យក​មក​ឆ្លង​ ហើយ​ជា​ទូទៅ​ការ​ផលិត​ដាក់​តាម​ App​ ឥឡូវ​ខ្ញុំ​បាន​ន័យ​ថា​ ពេល​បច្ចុប្បន្ន​ ក្រោយ​មាន​ប្រតិកម្ម​ហើយ​ គឺ​យើង​ កំណត់​ថា​ រាល់​រឿង​ដែល​មាន​ Rating​ ខ្ពស់​ មាន​ន័យ​ថា​ ១៨+​ គឺ​មិន​អាច​ដាក់​តាម​ App​ បាន​ទេ​ ដាក់​តាម​ App​ បាន​លុះ​ត្រា​តែ​ App​ គាត់​នឹង​កម្រិត​អាយុ​អ្នក​មើល​ តែ​បើ​ App​ គាត់​អត់​មាន​កម្រិត​អាយុ​ទេ​ មាន​ន័យ​ថា​អ្នកណា​ក៏​ចូល​មើល​បាន​ បង់​លុយ​ចូល​ អ៊ីចឹង​ យើង​មិន​ឱ្យ​រឿង​ដែល​មាន​ Raiting​ ខ្ពស់​ដាក់​ក្នុង​ App​ ទេ​ ពី​ព្រោះ​មិន​អាច​គ្រប់គ្រង​អ្នក​មើល​បាន​»។​

ដោយឡែក បន្ទាប់ពីឃើញមានការប្រកាសប្រភេទរឿង BL និង GL ជាហូរហែពីផលិតកម្មនឹងត្រៀមបញ្ចាំងនៅលើទូរទស្សន៍ តើកម្រិតត្រឹមណាក្រសួងអនុញ្ញាតឱ្យផលិត?​ លោក ប៉ុក​ បូរក្ស​ និយាយថា «និយាយ​ពី​ថា​ តើ​កម្រិត​ណា​ ខ្ញុំ​មិន​អាច​ផ្តល់​គោលការណ៍​ទេ​ ព្រោះ​ការ​ Rating នៅ​លើ​រឿង​ ការ​ធ្វើ​នៅ​លើ​រឿង​ ការពិនិត្យ​ទៅ​លើ​រឿង​ គឺ​យើង​មើល​នៅ​លើ​ កម្រិត​រឿង​នោះ​។​ ខ្ញុំ​មិន​អាច​និយាយ​បាន​ដូច​គណិតវិទ្យា ​១+១​ ស្មើ​ ២ ​ទេ។​ ឧទាហរណ៍​និយាយ​ពី​ការ​លេច​លើ​លេច​ក្រោម​ ឬ​ក៏​ការ​បញ្ចេញ​បំបៅ​កូន​ដោយ​ទឹកដោះ​ រូបភាព​ហ្នឹង​គឺ​បញ្ចេញ សុដន់​ដូច​គ្នា​ ក៏​ប៉ុន្តែ​មាន​ន័យ​ផ្សេង​ អ៊ីចឹង​ហើយ​បើ​និយាយ​ពី​ការ​កម្រិត​ថា​យ៉ាង​ម៉េច​?​ គឺ​យើង​មិន​អាច​ឆ្លើយ​ថា​អត់​កម្រិត​ម៉េច​បាន​ទេ​ ក៏​ប៉ុន្តែ​វា​ស៊ីសង​លើ​ការ​មើល​ ថា​តើ​ការ​ផ្តល់​រូប​ភាព​ ការ​ដាក់​រូបភាព​ទាំង​នោះ​នៅ​លើ​សាច់​រឿង​ហ្នឹង​ តើ​វា​បាន​ជះឥទ្ធិពល​ឬ​ក៏​គេ​ផ្តល់​គេ​ហៅ​ថា​ ចំណង់​ឬ​ក៏​អារម្មណ៍​ផ្លូវ​ភេទ​យ៉ាង​ដូចម្ដេច​ដែរ​? ​អ៊ីចឹង​អ្នក​មើល​គឺ​គាត់​មើល​លើ​ចំណុច​អស់​ហ្នឹង​ បើ​គាត់​ធ្វើការ​ពិនិត្យ​លើ​ Rating »។

ជាចុងក្រោយ តើរឿង​ BL​ និង​ GL​ ក្រសួង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​ទស្សនា​ក្រោម​អាយុ​ពេញ​វ័យ​ទេ​ ដោយសារ​តែ​រឿង​ទាំង​អស់​នេះ​អាច​នឹង​ដឹក​នាំ​ពួក​គេ​ឱ្យ​ធ្វើ​តាម​បាន​ដែរ​?​ ប្រធាន​នាយកដ្ឋាន​សិល្ប:​ភាពយន្តរូបនេះ​លើកឡើងថា «ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ហ្នឹង​ហើយ​ បាន​យើង​បង្កើត​ជា​កម្រិត​ Rating សម្រាប់​អ្នក​មើល​ រឿង​ណា​ដែល​មនុស្ស​ពេញ​វ័យ​មិន​បាន​ រឿង​ណា​ត្រឹម​១៥​ឆ្នាំ​មើល​បាន​ រឿង​ណា​សម្រាប់​មនុស្ស​ទូទៅ​។ ​អ៊ីចឹង​! គោលការណ៍​នេះ​យើង​បាន​កំណត់​ច្បាស់​នៅ​ក្នុង​រោងកុន​ ហើយ​ការ​ធ្វើ​តាម​App​ ក៏​យើង​មិន​អនុញ្ញាត​ឲ្យ​រឿង​ដែល​មាន​ Rating ​ខ្ពស់​នឹង​ដាក់​ផ្សព្វផ្សាយ​ដែរ​»​។

Share.