ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃសុក្រថា ជនសង្ស័យជាង ៥០នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏សាហាវទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួន២ នៅក្នុងខេត្ត Dak Lak ត្រូវបានចាប់ខ្លួន រួមទាំងចាប់បានមេខ្លោងភាគច្រើនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

តំណាងក្រសួងសន្តិសុខសាធារណៈបាននិយាយថា ជនសង្ស័យភាគច្រើនជាយុវជននៃជនជាតិភាគតិចនៅក្នុងខេត្ត Central Highlands។ អ្នកតំណាងរូបនេះបានបន្ថែមថា ពួកគេត្រូវបានញុះញង់ និង បង្ខិតបង្ខំឲ្យធ្វើអ្វីដែលពួកគេបានធ្វើកាលពីកន្លងទៅ ជាមួយនឹងសន្យាថា ពួកគេនឹងត្រូវបាននាំយកទៅក្រៅប្រទេស។

មេខ្លោងម្នាក់ដែលមានឈ្មោះ Y Tho Ayun អាយុ ៣៥ឆ្នាំ ត្រូវបានគេស្គាល់ថា Ama Kzruh បានប្រាប់អាជ្ញាធរថា គាត់បានញុះញង់អ្នកភូមិនៅ Dak Lak ឲ្យធ្វើការបាញ់ប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu ។ មេខ្លោងរូបនេះបាននិយាយ​ថា គាត់​បាន​ចុះ​ឈ្មោះ​មនុស្សដែលគាត់ទុកចិត្តប៉ុណ្ណោះ។

កាលពីព្រឹកថ្ងៃ អាទិត្យ សប្ដាហ៍មុន ក្រុមក្មេងទំនើងមិនស្គាល់អត្ថសញ្ញាណមួយក្រុមប្រដាប់ដោយកាំភ្លើងបានវាយប្រហារទីស្នាក់ការប៉ូលីស ដោយបណ្ដាលឲ្យមន្រ្តីប៉ូលីស ៤នាក់ មន្រ្តីឃុំ ២នាក់ និងជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់ ខណៈមន្រ្តី ២នាក់ផ្សេងទៀតបានរងរបួស។

ការបាញ់​ប្រហារ​នេះ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល ០ និង ៣៥​នាទី​ព្រឹកឈានចូលថ្ងៃអាទិត្យ នៅ​ពេល​ដែល​ជន​សង្ស័យ​ប្រដាប់​អាវុធ ១០នាក់ ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​គណៈកម្មាធិការ​ប្រជាជន​នៃឃុំ Ea Tieu។

បន្ទាប់មក​ក្រុម​បាន​ឈប់​រថយន្ត​ភី​កអាប់​លើ​ផ្លូវជាតិ​លេខ​២៧ ចម្ងាយ​ប្រហែល​១,៥​គីឡូម៉ែត្រ​ ពី​ការិយាល័យនោះ ហើយ​បាន​សម្លាប់​អ្នកបើកបរ​ម្នាក់​ទៀត។ ក្នុងពេលជាមួយគ្នានោះ មនុស្សប្រដាប់អាវុធចំនួន៣០នាក់ផ្សេងទៀតបានវាយប្រហារការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur បន្ដទៀត។ ពួក​គេ​បាន​គំរាម​អ្នក​បើក​ឡាន​ដឹក​ដី និង​បង្ខំ​ឱ្យ​បិទ​ផ្លូវជាដើម ហើយពួកគេបានបោះស្រាក្រឡុក ចូលទៅក្នុងរថយន្ដនោះ បន្ទាប់មកចូលទៅក្នុងការិយាល័យ ហើយបានដុតបំផ្លាញឯកសារ និងរថយន្ត។

ក្នុងអំឡុងពេលរត់គេចខ្លួន ជនសង្ស័យក៏បានសម្លាប់លេខាបក្សឃុំ Ea Ktur លោក Nguyen Van Kien និង ចាប់ជនស៊ីវិល ៣នាក់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្ដែជនស៊ីវិលទាំងនោះត្រូវបានជួយរំដោះចេញដោយសុវត្ថិភាព។

យ៉ាងណាម៉ិញ ក្រោយកើតមានរឿងសោកនាដកម្មនេះហើយ ក្រសួងសន្តិសុខសាធារណៈបាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីស្វែងរកជនសង្ស័យផ្សេងទៀតនៅក្នុងការវាយប្រហារនោះ៕

ប្រភព៖ VN Express

ចុចអាន៖ ចាប់ឃាត់ខ្លួនមនុស្ស ២៦នាក់ ក្រោយសម្លា.ប់់ប៉ូលីសវៀតណាម៤នាក់ និងរបួសជាច្រើននាក់

Share.