ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះថា មនុស្សយ៉ាងតិច ៣៤នាក់ បានស្លាប់ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ខណៈដែលតំបន់ដ៏ធំមួយនៃរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌាបានលិចលង់ក្រោមកំដៅក្ដៅយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឲ្យគ្រូពេទ្យណែនាំប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅ ឲ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។

អ្នក​ស្លាប់​មាន​អាយុ​លើសពី ៦០​ឆ្នាំ ហើយ​មាន​ស្ថានភាព​សុខភាពមិនសូវល្អ​ពីមុន​ ​អាច​នឹង​មានបញ្ហាកាន់តែ​ធ្ងន់ធ្ងរ​ដោយសារការប្រែប្រួលអាកាសធាតុ និងការឡើង​កំដៅ​ខ្លាំង​។

ការស្លាប់នេះបានកើតឡើងនៅក្នុងស្រុក Ballia ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។

ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ស្រុក Ballia លោក Jayant Kumar បាននិយាយថា ការស្លាប់ចំនួន 23 នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ហើយ ១១នាក់ផ្សេងទៀត បានស្លាប់នៅថ្ងៃសុក្រ សប្ដាហ៍នេះ។

លោក Kumar បានប្រាប់សារព័ត៌មាន The Associated Press កាលពីថ្ងៃសៅរ៍ថា «មនុស្សជាច្រើនបានទទួលរងនូវជំងឺមួយចំនួន ហើយស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ដោយសារតែការឡើងកំដៅខ្លាំង»។ លោក​ថា ភាគច្រើន​នៃ​ការ​ស្លាប់​ គឺ​ដោយសារ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង ជំងឺ​រាគរូស​។

Diwakar Singh ជាមន្ត្រីពេទ្យម្នាក់ទៀតបាននិយាយថា មនុស្សទាំងនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសំខាន់របស់ស្រុក Ballia ក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក​បានបន្ថែម​ថា​៖ «​មនុស្ស​ចាស់​ក៏​ងាយ​រង​គ្រោះដោយសារការឡើងកំដៅ​ខ្លាំង​ដែរ»។

បើតាមទិន្នន័យរបស់នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា បង្ហាញថា ស្រុក Ballia បានរាយការណ៍ថា សីតុណ្ហភាពអតិបរិមាគឺ ៤២.២អង្សាសេ កាលពីថ្ងៃសុក្រ ដែលលើសពីសីតុណ្ហភាពធម្មតា ៤.7 ៧អង្សាសេ។ ខណៈរដូវក្តៅដ៏ក្ដៅនេះ បានបង្កឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងរដ្ឋ ធ្វើឲ្យមនុស្សគ្មានទឹកប្រើប្រាស់ កង្ហារ ឬម៉ាស៊ីនត្រជាក់មិនអាចប្រើប្រាស់បានគ្រប់គ្រាន់ ហើយមនុស្សជាច្រើនបានធ្វើបាតុកម្មផងដែរ។

យ៉ាងណាម៉ិញ នាយករដ្ឋមន្រ្ដីរដ្ឋ Uttar Pradesh លោក Yogi Adityanath បានធានាដល់សាធារណជនថា រដ្ឋាភិបាលកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមិនមានការរំខាននៅក្នុងរដ្ឋ។ លោក​ Adityanath ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល និង​ ប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំសំច្ចៃ និង យុត្តិធម៌។ លោក ថា «គ្រប់ភូមិ និងទីក្រុងទាំងអស់គួរតែទទួលបានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ក្នុងអំឡុងពេលកំដៅដ៏ក្តៅនេះ។ ប្រសិនបើ​មាន​កំហុស​ណាមួយ​កើតឡើង ក្រុមមន្រ្តី​គួរតែ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ»​។

យោងតាមការសិក្សាមួយដោយ World Weather Attribution ដែលជាក្រុមសិក្សាដែលពិនិត្យប្រភពនៃការប្រែប្រួលកំដៅខ្លាំង បានរកឃើញថា រលកកំដៅដ៏ខ្លាំងមួយនៅក្នុងខែមេសា ដែលបានវាយប្រហារផ្នែកខ្លះនៃអាស៊ីខាងត្បូង ត្រូវបានគេធ្វើឲ្យមានការប្រែប្រួលអាកាសធាតុយ៉ាងហោចណាស់ ៣០ដង ឬ ច្រើនជាងនេះ។

សូមជម្រាបថា ខែរដូវក្តៅសំខាន់ៗនៃប្រទេសឥណ្ឌាមានចាប់ពីខែ មេសា ឧសភា និងមិថុនា ជាទូទៅក្តៅនៅតំបន់ភាគច្រើននៃប្រទេសឥណ្ឌា មុនពេលរដូវវស្សា ដែលភ្លៀងមូសុងនាំមកនូវសីតុណ្ហភាពត្រជាក់ ប៉ុន្តែ​សីតុណ្ហភាព​បាន​ឡើងកំដៅកាន់តែ​ខ្លាំង​ឡើងៗ​ក្នុង​ទសវត្សរ៍​កន្លង​ទៅ។ ក្នុងអំឡុងពេលរលកកំដៅ ប្រទេសនេះក៏ទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរផងដែរ ដោយមនុស្សរាប់សិបលាននាក់ក្នុងចំណោមប្រជាជនចំនួន ១.៤ពាន់លាននាក់ បានខ្វះទឹកប្រើប្រាស់។

កាលពីខែមេសា កំដៅបានបណ្តាលឲ្យមនុស្ស ១៣នាក់ បានស្លាប់នៅក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលមួយនៅក្នុងទីក្រុងបុមបៃ របស់ប្រទេសឥណ្ឌា ហើយបានជំរុញឲ្យរដ្ឋមួយចំនួន បិទសាលារៀនទាំងអស់ក្នុងរយៈពេល ១សប្តាហ៍៕

ប្រភព៖ CNA

Share.